(ប៉ៃលិន)៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព ស្ថិតក្រោមអធិបតីឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ និងមានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដែលមានសិក្ខាកាមចូលរួមចំនួន៥០នាក់ ដោយសិក្សារយៈពេល ៦១ថ្ងៃ។
ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងថា ការបើកវគ្គបំប៉នដល់សិក្ខាកាមនេះ ដើម្បីឲ្យពួកគាត់មានជំនាញបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះ ពិសេសបំពេញសមត្ថភាពបន្ថែមជូនដល់យោធិនឲ្យក្លាយជាគ្រូបង្គោលជាមូលដ្ឋាន សម្រាប់ធ្វើការផ្សព្វផ្សាយចំណេះដឹងបន្ត លើមុខវិជ្ជាសំខាន់ៗ និងចាំបាច់ដើម្បីអនុវត្តឲ្យមានលក្ខណៈសមស្របទៅតាមអាកាសធាតុ និងភូមិសាស្រ្តជាក់ស្តែងក្នុងតំបន់រស់នៅនាពេលបច្ចុប្បន្ន។
លោកថា «ជាការពិតណាស់កម្ពុជានាពេលបច្ចុប្បន្ន មានការរីកចម្រើនលើគ្រប់វិស័យ ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើឱ្យកម្ពុជា កែប្រែមុខមាត់ថ្មី ជាពិសេសគឺការទប់ស្កាត់ជំងឺកូវីដបាន យ៉ាងមានប្រសិទ្ធភាព រហូតអាចបើកប្រទេសឡើងវិញ ទទួលភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគគិនពីបណ្តាប្រទេសលើពិភពលោកឲ្យមកបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់»។
លោកឧត្តមសេនីយ៍ទោ ក៏លើកឡើងពីលទ្ធផល នៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលកន្លងទៅថ្មីៗនេះ ត្រូវបានអបអរសាទរពីគ្រប់ភាគីពាក់ព័ន្ធដោយការបោះឆ្នោត មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែង រូមទាំងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ដោយបានវាយតម្លៃថា ការបោះឆ្នោតបានប្រព្រឹត្តដោយរលូនល្អ សេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ឬភាពមិនប្រក្រតីណាមួយ កើតឡើងឡើយ។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងដែលយោធាចារ្យបានផ្តល់ឲ្យ និងត្រូវគោរពវិន័យឲ្យបានល្អនៅក្នុងវគ្គសិក្សានេះ ជាពិសេសនៅពេលបញ្ចប់វគ្គសិក្សា ត្រូវយកចំណេះជំនាញ រួមទាំងបទពិសោធន៍របស់ខ្លួនដែលទទួលបាន ទៅអភិវឌ្ឍអង្គភាព និងព្រងីកសមត្ថភាពបន្ថែមទៀតផងដែរ ព្រមទាំងបន្តការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ ដោយអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឲ្យបានខ្ជាប់ខ្ជួន។
ទីបញ្ចប់ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានប្រកាសបើកវគ្គហ្វឹកហ្វឺនចាប់ពីពេលនេះតទៅ និងបានឧបត្ថម្ភថវិកាក្នុងវគ្គហ្វឹកហ្វឺន ចំនួន ៣.០០០.០០០រៀលផងដែរ៕