(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកាសធ្វើគៀងគធ្វើបាតុកម្ម ប្រឆាំងចំពោះគម្រោងបាតុកម្ម របស់គណបក្សសង្រ្គោះជាតិនោះ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា យុវតីដែលលេចធ្លោលើបណ្តាញសង្គម Facebook នោះ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាង៧០០នាក់ នៅក្រុងសួង ខេត្តត្បូងឃ្មុំ។
កញ្ញា ធី សុវណ្ណថា បានអះអាងប្រាប់ Fresh News ឱ្យដឹងថា សកម្មភាពរបស់នាង ចុះទៅខេត្តត្បូងឃ្មុំលើកនេះ គ្រាន់តែជួបសួរសុខទុក្ខប្រជាពលរដ្ឋ យុវជន និងអ្នកគាំទ្រនាងប៉ុណ្ណោះ ខណៈដែលសកម្មភាពនេះ ត្រូវបានធ្វើឡើងស្របពេលដែលនាង និងលោក ស្រី ចំរើន ប្រកាសអំពីគម្រោងយុទ្ធនាការ ប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ១លាននាក់ ដើម្បីទម្លាក់លោក កឹម សុខា ចេញពីមេដឹកនាំគណបក្សនយោបាយ។
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណថា បានប្រកាសថា នឹងធ្វើបាតុកម្មតបតនឹង គណបក្សសង្រ្គោះជាតិ ដែលបានព្រមានថា នឹងមានបាតុកម្មទ្រង់ទ្រាយធំមួយ បើសិនជាមានការចាប់ខ្លួន លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្រ្គោះជាតិនោះ។ បាតុកម្មរបស់កញ្ញា ធី សុវណ្ណថា ត្រូវបាននាងអះអាងថា ធ្វើឡើងដើម្បីការពារចំណាត់ការរបស់តុលាការ ចំពោះលោក កឹម សុខា ដែលមិនព្រមចូលខ្លួនឆ្លើយបំភ្លឺ តាមការកោះហៅ របស់តំណាងអយ្យការ៕