(ភ្នំពេញ)៖ លោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានទទួលជួបលោក ង្វៀន វ៉ាន់ ហ្វុក អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលនៃសាធារណរដ្ឋសង្គម និយមវៀតណាម និងគណៈប្រតិភូនៅទីស្តីការក្រសួង ដើម្បីរឹតចំណងមិត្តភាពលើវិស័យអប់រំ ក៏ដូចជាការពិភាក្សាលើការងារសិក្សាថ្នាក់ឧត្តមសិក្សា និងការផ្តល់អាហារ រូបករណ៍រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
ជំនួបនេះ ធ្វើឡើងក៏ដើម្បីពិភាក្សាឱ្យកាន់តែបានលម្អិតថែមទៀត និងពន្លឿនការសម្រេចឱ្យបានក្នុងពេលឆាប់ៗនេះ សម្រាប់ការស្នើសុំពីភាគីវៀតណាម ដើម្បីបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម នៅក្នុងសាលកវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។
នាឱកាសនោះលោក ពិត ចំណាន បានសម្តែងការស្វាគមន៍ចំពោះវត្តមានលោក ង្វៀន វ៉ាន់ ហ្វុក ដែលបានដឹកនាំគណៈប្រតិភូ មកជួបពិភាក្សាការងារ ដើម្បីចែករំលែកគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងវិស័យអប់រំ។ លោកបញ្ជាក់ថា ក្នុងរយៈពេលមានជំងឺកូវីដកន្លងទៅនេះ ក្រសួងអប់រំនៅកម្ពុជា បានខិតខំយ៉ាងខ្លាំង ក្នុងការធ្វើយ៉ាងណាឱ្យគ្រូ និងសិស្សានុសិស្ស អាចបន្តការរៀនសូត្របានតាមគ្រប់វិធីទាំងអស់។
លោក ពិត ចំណាន ក៏បានបង្ហាញក្តីរំពឹងយ៉ាងមុនមាំថា តាមរយៈលទ្ធផលនៃជំនួបនេះនឹងរឹតតែធ្វើឱ្យមានការប្រសើរឡើងវិញ ក្នុងការផ្លាស់ប្តូរនិស្សិតអាហារូបករណ៍ ទៅវិញទៅមករវាងប្រទេសទាំងនេះ និងបានជំរុញឱ្យភាគីវៀតណាម ជួយសម្រួលដល់និស្សិតអារូបករណ៍ក្នុងការស្នាក់នៅ ការទទួលទាន និងការសិក្សា ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។
ពាក់ព័ន្ធនឹងការស្នើចង់បង្កើតដេប៉ាតឺម៉ង់ ភាសាវៀតណាម ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោក ពិត ចំណាន បានបញ្ជាក់ដែរថា ក្រសួងមិនមានការជំទាស់នោះទេ ដោយហេតុថាក្នុងសាកលវិទ្យាល័យ ភាសាទាំអស់គឺមិនមានការប្រកាន់គ្នានោះទេ ហើយវាក៏មានសារសំខាន់សម្រាប់ប្រទេសជិតខាងគ្នា ដែលអាចជួយឱ្យនិស្សិតអាចចេះភាសាមួយបន្ថែមទៀតផងដែរ។
ជាការឆ្លើយតបលោក ង្វៀន វ៉ាន់ហ្វុក ក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំនៅកម្ពុជា ជាពិសេសសាកលវិទ្យាភូមិន្ទភ្នំពេញ ដែលបានផ្តល់ឱកាសឱ្យវៀតណាម បានបង្កើតដេប៉ាតឺម៉ង់ ភាសាវៀតណាមមួយនៅកម្ពុជា។
លោក ង្វៀន វ៉ាន់ហ្វុក បានបន្ថែមថា ភាគីវៀតណាម ប្តេជ្ញាចិត្តបន្តផ្តល់អាហារូបរណ៍ដល់និស្សិតកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីជាការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អថែមទៀត រវាងវិស័យអប់រំរបស់ប្រទេសទាំង២ និងបានថ្លែងអរគុណប្រទេសកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ឱ្យនិស្សិតវៀតណាម បានមករៀននៅប្រទេសកម្ពុជាផងដែរ៕