(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ម្ដាយក្មេក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងត្រូវជាម្ដាយបង្កើត លោកជំទាវ ទេព រង្ស៉ី ភរិយាឯកឧត្តម ខៀវ កាញារីទ្ធ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ក្នុងសាររំលែកទុក្ខយ៉ាងដូច្នេះថា «ឯកឧត្តម និងលោកជំទាវ ជាទីស្រឡាញ់រាប់អាន! ខ្ញុំមានសេចក្តីរន្ធត់ឥតឧបមា និងសោកស្តាយជាទីបំផុត ដោយបានទទួលដំណឹងអំពីមរណភាពរបស់ មហាឧបាសិកាពុទ្ធនូបត្ថម្ភក៍ ពេន យុត ដែលត្រូវជាម្តាយក្មេករបស់ ឯកឧត្តម និងជាម្តាយបង្កើតរបស់ លោកជំទាវ ទេព រង្សី នៅថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៩:១៥នាទីព្រឹក ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ»

មរណភាពរបស់ មហាឧបាសិកាពុទ្ធនូបត្ថម្ភក៍ ពន យុត ជាការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន ជីទួត ប្រកបដោយសង្គហធម៌ដ៏ល្អប្រពៃ ជាទីស្រលាញ់បំផុត ដែលបានចិញ្ចឹមបីបាច់ថែរក្សាអប់រំទូន្មានកូនចៅ ប្រកបដោយព្រហ្មវិហារធម៌ និងគុណធម៌ ព្រមទាំងបានរួមចំណែកឧបត្ថម្ភលើវិស័យព្រះពុទ្ធសាសនា កិច្ចការសង្គម និងមនុស្សធម៌យ៉ាងច្រើន។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំសូមចូលរួមចែករំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុតជាមួយ ឯកឧត្តម និងលោកជំទាវ បុត្រា បុត្រី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យសូមឱ្យដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធនូបត្ថម្ភក៍ ពេន យុត បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម និងលោកជំទាវ ទទួលនូវការស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ៕