(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ អញ្ជើញពិនិត្យវត្ថុតាង និងនាំយកថវិកា លើកទឹកចិត្តដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនទទួលបានជោគជ័យ។
លោក គួច ចំរើន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំង និងមន្ត្រីនគរបាល បានយកចិត្តទុកដាក់ខិតខំបំពេញ ការងារក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអ្នកវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសក្នុងការបង្ការ បង្ក្រាបនូវរាល់បទល្មើសបានទាន់ពេលវេលា។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានណែនាំដល់កងកម្លាំងសមត្ថកិច្ចត្រូវប្រុងប្រយ័ត្នជាប់ជាប្រចាំ ព្រោះជនល្មើសតែងតែមានអាវុធ ដូច្នេះយើងត្រូវតែចេះការពារខ្លួនឱ្យបានល្អ ដោយសារតែកន្លងមក មានសកម្មភាពមិនប្រក្រតីភាពមួយចំនួន បានកើតឡើងក្នុងក្រុងព្រះសីហនុ ដូចជា៖
ទី១៖ បញ្ហាគ្រឿងញៀន
ទី២៖ ការបង្ខាំងមនុស្សខុសច្បាប់
ទី៣៖ បញ្ហាអាវុធជាតិផ្ទុះ ការប្រើប្រាស់អាវុធដោយខុសច្បាប់នៅតាមដងផ្លូវសាធារណៈ និងតាមកន្លែងមួយចំនួន។
បន្ថែមពីនេះ លោក គួច ចំរើន បានក្រើនរំឮកថា «បញ្ហាទាំងនេះយើងត្រូវតែបន្តស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដោយបន្តចុះធ្វើសកម្មភាពល្បាត ដើម្បីស្វែងរកអ្នកដែលប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវធ្វើដូច ភ្លៀងរលឹម ដើម្បីគ្រប់គ្រងអ្នកប៉ុនប៉ងប្រព្រឹត្តអំពើមិនគប្បី ដោយការប្រើប្រាស់អាវុធ និងធ្វើសកម្មភាពចាប់ជំរិត និងបង្ខាំងមនុស្សដោយខុសច្បាប់នៅក្នុងក្រុងរបស់យើង ដើម្បីសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ»។
សូមបញ្ជាក់ថា កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការដេញបង្ក្រាបករណីបាញ់ជនជាតិចិនបណ្តាលឱ្យស្លាប់ និងរងរបួសធ្ងន់ ខណៈជនដៃដល់ជាជនជាតិចិនចំនួន៣នាក់ ក៏បានស្លាប់ផងដែរ។
ករណីនេះ បានកើតឡើងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០០៖៥០នាទី រំលងអធ្រាត្រ នៅចំណុចមុខសណ្ឋាគារ៥២០ ស្ថិតក្នុង ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ៕