(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលដឹកនាំដោយលោក ផាម តឹត ថាំង (PHAM TAT THANG) សមាជិកមជ្ឈិមបក្ស និងជាអនុប្រធានប្រចាំការគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាការងារ និងពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី នៅវិមាន ៧ មករា នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។
ថ្លែងក្នុងឱកាសនោះលោក ផាម តឹត ថាំង (PHAM TAT THANG) បានកោតសសើរដល់កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។
ជាការឆ្លើយតប លោកស្រីបណ្ឌិត បានថ្លែងថា ស្ថិតក្នុងកាលៈទេសៈដែលពិភពលោកកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩ ថ្នាក់ដឹកនាំទាំងក្នុងជួរបក្ស និងរដ្ឋាភិបាលទាំងពីរកាន់តែបង្កើន និងពង្រឹង ទំនាក់ទំនងរវាងគ្នា តាមរយៈការជួបសន្ទនាគ្នាតាមទូរស័ព្ទ តាមប្រព័ន្ធវីដេអូ និងដោយផ្ទាល់ជាច្រើនលើក ដើម្បីសួរសុខទុក្ខគ្នា និងការគាំទ្រគ្នាទៅវិញទៅមកទាំងសម្ភារ និងស្មារតី ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេស រដ្ឋាភិបាល និងប្រជាជនទាំងពីរ។
ភាគីទាំងពីរបានឯកភាព បន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងគណបក្ស និងប្រទេសទាំងពីរ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជំនួបនេះក៏បានឯកភាព លើការជំរុញស្ថាប័នគណបក្ស អង្គការមហាជន និងគណបក្សខេត្តក្រុង ជាពិសេសគឺគណបក្សខេត្តដែលមានព្រំដែនជាប់គ្នា ឲ្យបន្តសហការគ្នាល្អ ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ ព្រមទាំងបានឯកភាពលើការបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នានៅក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគីនានា ដើម្បីចូលរួមដោះស្រាយកិច្ចការតំបន់ និងពិភពលោក សំដៅធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ។
នៅចុងបញ្ចប់ នៃជំនួបនេះ ភាគីទាំងពីរបានសម្តែងការពេញចិត្តលើលទ្ធផលជាផ្លែផ្កា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ ភាពជា អ្នកជិតខាងល្អ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕