(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីដែលពាក់ព័ន្ធ បើកកិច្ចប្រជុំផ្សព្វផ្សាយផ្សាយសេចក្តីណែនាំស្តីពីបែបបទ និងនិតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលឃុំ សង្កាត់។
ពិធីនេះមានការចូលរួមពីលោក រស់ ផារិទ្ធ អភិបាលរងខេត្ត, នាយករងរដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីរ-អង្គភាព, នាយក នាយករងទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោកអភិបាលខេត្ត បានបញ្ជាក់ថា គោលបំណងសំខាន់ នៃការរៀបចំកិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ ដែលមានកំណត់នៅក្នុងសេចក្ដីណែនាំលេខ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ អំពីរបៀបរបប នៃការរៀបចំយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់នីមួយៗ សំដៅដាក់ឲ្យដំណើរការយន្តការនេះឲ្យបានឆាប់រហ័ស នៅក្រោយពេលដែលក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតក្នុងអាណត្តិថ្មី ចូលកាន់តំណែង។
លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការកោតសរសើរ និងអរគុណចំពោះរាល់ការខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រី និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលនាពេលកន្លងមក បើទោះបីជាយើងជួបប្រទះនូវបញ្ហាប្រឈមពីវិបត្តិ នៃជំងឺកូវីដ១៩ ប៉ុន្តែក៏នៅតែបានជួយគាំទ្រ សហការ និងសម្របសម្រួលដល់ដំណើរការរៀបចំយន្តការផ្ដល់សេវារដ្ឋបាលនេះឲ្យទទួលបានលទ្ធផលដ៏គួរជាទីមោទនៈទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក។
លោកបានផ្តាំផ្ញើ និងបញ្ជាក់ថា ដើម្បីជាការរួមចំណែកឲ្យការរៀបចំយន្តការនេះបានត្រឹមត្រូវតាមនីតិវិធីប្រព្រឹត្តទៅបានរលូនមានប្រសិទ្ធភាព និងទាន់ពេលវេលា ក្រុមការងារគាំទ្ររបស់រដ្ឋបាលខេត្ត ដែលមានលោក រស់ ផារិទ្ធ អភិបាលរងខេត្ត ជាប្រធាន ត្រូវផ្ដល់ការគាំទ្រលើផ្នែកបច្ចេកទេសដល់រដ្ឋបាលឃុំ សង្កាត់ក្នុងការរៀបចំយន្តការនេះ ព្រមទាំងត្រូវពិភាក្សា និងកំណត់ពីកាលបរិច្ឆេទជាក់លាក់ ដើម្បីដាក់ឲ្យដំណើរការយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ឲ្យបានឆាប់ដោយមិនត្រូវពន្យាពេលវេលាយូរឡើយ។
លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីដែលពាក់ព័ន្ធទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ រដ្ឋបាលឃុំ សង្កាត់ ត្រូវពិនិត្យរៀបចំបុគ្គលិកសម្រាប់ការផ្ដល់សេវា និងរៀបចំទីកន្លែងណាមួយឲ្យបានសមស្របនៅក្នុងបរិវេណសាលាឃុំ សង្កាត់របស់ខ្លួន ដើម្បីរៀបចំយន្តការច្រកចេញចូលតែមួយ។ រដ្ឋបាលឃុំ សង្កាត់ ក្នុងករណីមានភាពមិនច្បាស់លាស់លើចំណុចណាមួយនៅក្នុងការអនុវត្តសេចក្ដីណែនាំដែលបម្រើឲ្យការរៀបចំយន្តការច្រកចេញចូលតែមួយ ត្រូវស្នើសុំការគាំទ្របន្ថែមពីក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បីក្រុមការងារមានមូលដ្ឋានក្នុងការដោះស្រាយ ឬស្នើសុំយោបល់បន្តទៅក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
លោក ម៉ែន វិបុល បានសង្កត់ធ្ងន់ថា នៅក្នុងការរៀបចំ និងអនុវត្តយន្តការនេះ រដ្ឋបាលឃុំ សង្កាត់ យកចិត្តទុកដាក់លើការរៀបចំបុគ្គលិកដែលបំពេញការងារផ្ដល់សេវាក្នុងយន្តការនេះ ត្រូវពិនិត្យលើលក្ខណសម្បត្តិ ការទទួលខុសត្រូវ សីលធម៌វិជ្ជាជីវៈ បទពិសោធន៍ការងារ សមត្ថភាពជំនាញ និងការចាត់ចែងការងារត្រូវរៀបចំបទបញ្ជាផ្ទៃក្នុង និងបែបបទនីតិវិធី នៃការផ្ដល់សេវា ឲ្យបានច្បាស់លាស់ និងសមស្របតាមការណែនាំ និងស្ថានភាពជាក់ស្ដែង៕