(តាកែវ)៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ បានជនសង្ស័យជាមុខសញ្ញាឆក់យ៉ាងសកម្មចំនួន២នាក់ បន្ទាប់ពីពួកគេឆក់លុយ ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ដែលកើតឡើងនៅត្រង់ចំណុចភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
ការឃាត់ខ្លួនេះធ្វើឡើងរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ដោយពួកគេប្រើប្រាស់មធ្យោបាយម៉ូតូ១គ្រឿង ធុន C១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ឡើងតែម ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1CE-7079។
ជនសង្ស័យបានធ្វើសកម្មភាពឆក់លុយ របស់ជនរងគ្រោះឈ្មោះ ភួង ម៉ើ ភេទស្រី អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ មុខរបរ កសិករ ក្នុងខណៈពេលដែលជនរងគ្រោះ ដាក់លុយក្នុងថង់ខ្មៅព្យួរដៃម៉ូតូ ក៏ជនសង្ស័យជិះម៉ូតូមកទន្ទឹម ធ្វើសកម្មភាពឆក់លុយជនរងគ្រោះ យកទៅបាត់រួចជិះម៉ូតូគេចខ្លួន ទៅទិសខាងលិចបាត់។
ក្រោយទទួលបានពត៌មាន កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន១៖ ឈ្មោះ ឡាច វិច្ឆិកា ហៅឆេះ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ, ២៖ ឈ្មោះ ស្រេង វណ្ណៈ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។
ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ រហូតដល់វេលាម៉ោង១៩៖២០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ទើបកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងលាវ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅត្រង់ចំណុចផ្ទះសំណាក់ ហេបភី (Happy) ស្ថិតនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងវត្ថុតាងម៉ូតូដែលមានភិនភាគខាងលើ ប្រាក់ដុល្លារចំនួន៧៥០ដុល្លារ និងថ្នាំញៀន១កញ្ចប់ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
ដោយមានបញ្ជាពីរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានប្រគល់ប្រាក់ចំនួន ៧៥០ដុល្លារ ទៅជនរងគ្រោះដើម្បីប្រើប្រាស់វិញ ហើយបានកសាងសំណុំរឿងបញ្ជូនបន្ត តាមនីតិវិធី៕