(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បសនជួបសំណេះសំណាល និងនាំអំណោយលើកទឹកចិត្ត ព្រមទាំងណែនាំបន្ថែមអំពីការពង្រឹងយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចឱ្យកាន់តែល្អប្រសើរ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ជូនដល់កម្លាំងសណ្ដាប់ធ្នាប់ និងភ្នាក់ងារអនាម័យចំនួន៧០នាក់។
ពិធីសំណេះសំណាល និងចែកអំណោយលើកទឹកចិត្តនេះមានការចូលរួមពីលោកអភិបាលរងខណ្ឌ នាយករងរដ្ឋបាលខណ្ឌ ប្រធាន និងអនុប្រធានការិយាល័យជំនាញរដ្ឋបាលខណ្ឌមួយចំនួនទៀត ស្ថិតនៅសាលាខណ្ឌ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។
ឆ្លៀតក្នុងឱកាសនេះ លោក ជា ពិសី បានលើកឡើងថា សម្រាប់កម្លាំងទាំងអស់ ត្រូវតែពង្រឹង និងគោរពវិន័យ នៃរបៀបរបបធ្វើការងារ ទាំងការការពារសន្តិសុខ និងការរក្សាសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីបម្រើជូនប្រជាពលរដ្ឋ។
សូមជម្រាបថា សម្រាប់អំណោយដែលលោក ជា ពិសី ឧបត្ថម្ភលើកទឹកចិត្តដល់កម្លាំងសណ្ដាប់ធ្នាប់ និងភ្នាក់ងារអនាម័យរដ្ឋបាលខណ្ឌ ទាំង៧០នាក់ រួមមាន៖ អង្ករ២៥គីឡូក្រាម, ឯកសណ្ឋាន២ឈុត, និងថវិកាចំនួន២០,០០០រៀល សរុបទាំងអស់មានអង្ករ១,៧៥០គីឡូក្រាម, ឯកសណ្ឋាន១៤០ឈុត និងថវិកាចំនួន ១,៤០០,០០០រៀល៕