(ភ្នំពេញ)៖ ក្នុងនាមអង្គភាពព័ត៌មាន Fresh News ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ម្ដាយក្មេកឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងត្រូវជាម្ដាយបង្កើត លោកស្រី ទេព រង្ស៉ី។
ក្នុងនាមអង្គភាពព័ត៌មាន Fresh News និងក្នុងនាមខ្ញុំផ្ទាល់ លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក មានសេចក្តីក្តុកក្តួល រន្ធត់ចិត្ត ដោយបានទទួលដំណឹងថា មហាឧបាសិកា ពេន យុត ត្រូវជាម្ដាយបង្កើត និងម្ដាយក្មេករបស់ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាព នៅម៉ោង ៩ និង១៥នាទីព្រឹក ថ្ងៃអង្គារ៍ ១២កើត ខេស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ សីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរា។
ក្នុងវេលាប្រកបដោយសសមានទុក្ខដ៏ក្រៀមក្រំនេះ ក្នុងនាមអង្គភាពព័ត៌មាន Fresh News និងក្នុងនាមខ្ញុំផ្ទាល់ សូមសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត គឺជាការបាត់បង់ដ៏ធំធេងរបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល។
មរណភាពរបស់មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត គឺជាការបាត់បង់ម្ដាយ ម្ដាយក្មេក ជីដូន ជីទួត ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ និងចៅៗ និងពេញមួយជីវិតរបស់មហាឧបាសិកា បានតស៊ូលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា អោយកាន់តែមានការរីកចំរើននាពេលកន្លងមក។
ក្នុងនាមអង្គភាពព័ត៌មាន Fresh News ទាំងមូល ក៏ដូចរូបខ្ញុំផ្ទាល់ សូមឧទ្ធិសបួងសួង ដល់វិញ្ញាណក្ខន្ធរបស់មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត សូមបានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។