(បាត់ដំបង)៖ នារសៀលថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០១៦ កាកបាទក្រហមកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្រះ ២ កន្លែង ក្នុងចំណោមស្រះទឹក ៤ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានប្រជាពលរដ្ឋចូលរួមមានចំនួន ២០០នាក់ផងែដរ។ ចំណែកឯ ស្រះទឹកចំនួន ២ កន្លែងផ្សេងទៀតនោះ ជីកសម្រេចបាន ៥០% និង៨០% ហើយរយៈ ៥ ថ្ងៃទៀត នឹងជីករួចរាល់ហើយជាស្ថាពរ។
ស្រះទឹកមានទំហំ ៤០ x ៦០ម៉ែត្រ មានជម្រៅ ៣ម៉ែត នឹងផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់បានចំនួន ១៤២ គ្រួសារ ស្មើនឹង ៦១៥នាក់ ស្ថិតនៅឃុំតាប៉ុន ស្រុកសង្កែ និងស្រះទឹកមួយកន្លែងទៀត មានទំហំ ៤០ x ៦០ម៉ែត្រ មានជម្រៅ ៣ម៉ែត នឹងផ្គត់ផ្គង់ទឹកជូនប្រជាពរដ្ឋប្រើប្រាស់បានចំនួន ៦៣ គ្រួសារ ស្មើនឹង ២៧៣នាក់ ស្ថិតក្នុងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។
ក្នុងពិធីសម្ពោធស្រះទឹកនោះ លោកស្រី អគ្គលេខាធិការ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានពាំនាំនូវសារមួយចំនួនជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលមានខ្លឹមសារដូចតទៅ៖
១ - សូមបងប្អូនជួយថែរក្សាស្រះទឹកនេះឲ្យបានគង់វង្ស និងអាចប្រើប្រាស់បានយូរអង្វែង ព្រមនិងថែរក្សាឲ្យមានអនាម័យល្អ សម្រាប់ប្រើប្រាស់តាមតម្រូវការជីវភាពប្រចាំថ្ងៃ។
២ - សូមបងប្អូនប្រុងប្រយ័ត្ននូវខ្យល់កន្ត្រាក់ ជាពិសេស តំបនដែលមានលោហធាតុ (គ្រឿងដែក) លើទឹក (ជិះទូកក្នុងទន្លេ) និងទីវាលលំហ ឬទីខ្ពស់ (ដូចជាដំបូលផ្ទះ) ព្រោះតំបនទាំងនោះងាយនឹងរងនូវរន្ទះបាញ់។
៣ - សូមបងប្អូនប្រជាពលរដ្ឋ ត្រូវគិតគូរពីសុវត្ថិភាពតាមដងផ្លូវ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ បើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
៤ - ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅរកសេវាសុខាភិបាល ដើម្បីថែរក្សាផ្ទៃពោះ ហើយត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ និងសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។ បើសង្ស័យថា ក្នុងខ្លួនមានផ្ទុកមេរោគអេដស៍ សូមទៅធ្វើតេស្តឈាម ហើយទទួលយកថ្នាំពន្យាជីវិតពីគ្រូពេទ្យ និងវិធីទប់ស្កាត់ការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន។
ជាចុងក្រោយ ក្នុងនាមកាកបាទក្រហមកម្ពុជា លោកស្រី អគ្គលេខាធិការ បានសំណូមពរដល់ប្រជាពលរដ្ឋជួយដាំដើមឈើ និងដាំស្មៅជុំវិញស្រះកុំឲ្យបាក់ដីហូរចូលស្រះ ហើយសង្ឃឹមថារដូវប្រាំងឆ្នាំក្រោយៗ ទៀតមិនមានប្រជាពលរដ្ឋណាខ្វះទឹកប្រើប្រាស់ទៀតទេ។ សម្រាប់ប្រជាពលរដ្ឋដែលមកចូលរួមក្នុងពិធីនេះ ក្នុងម្មាក់ៗ ទទួលបានអំណោយនូវ សារុង១ និងថវិកា ២ម៉ឺនរៀល៕