(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាជនជាតិដើមភាគតិច លើកទី២៨ លើពិភពលោក និងលើកទី១៨ នៅប្រទេសកម្ពុជា ក្រោមប្រធានបទ៖ «តួនាទីស្ត្រីជនជាតិដើមភាគតិចក្នុងការអភិវឌ្ឍនិងការផ្ទេរចំណេះដឹងប្រពៃណី» ដែលរៀបចំ ធ្វើឡើង នៅសាលាឆទាន ភូមិកោដូនតី ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ពិធីនេះដែរក៏មានការចូលរួមពីលោកឧកញ៉ា ហ៊ួ សុជាតិ លោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង រួមទាំងមានការចូលរួមពីមន្ត្រីជំនាញ លោកប្រធានមន្ទីខេត្ត រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលជាជនជាតិដើមភាគតិចអំបូរសួយ និងអំបូរផ្សេងៗ ជាច្រើននាក់ផងដែរ។
លើកឡើង នាឱកាសនោះលោក វ៉ី សំណាង បានគូសបញ្ជាក់ថា ការប្រារព្ធនូវទិវានេះមិនមែនធ្វើឡើងដើម្បីរំលឹកដល់ការចងចាំនូវថ្ងៃប្រវត្តិសាស្ត្រប៉ុណ្ណោះនោះទេ ប៉ុន្តែគឺដើម្បីផ្សព្វផ្សាយអំពីសិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌ជនជាតិដើមភាគតិច ឈានទៅរកការលុបបំបាត់ទាំងស្រុងចំពោះការរើសអើងក្នុងសង្គម។
ជាមួយគ្នានោះលោក វ៉ី សំណាង ក៏បានអំពាវនាវឱ្យបងប្អូនជនជាតិដើមភាគតិចអំបូរសួយ ថែរក្សាវប្បធម៌ ប្រពៃណីរបស់ខ្លួនឱ្យបានគង់វង្ស ជាមួយនោះអាជ្ញាធរខេត្ត ក៏ដូចមន្ទីរជំនាញ ក៏បាននិងកំពុងខិតខំជំរុញបន្ថែម ក្នុងការផ្សព្វផ្សាយប្រពៃណី វប្បធម៌នេះទៅដល់មហាជននិងអន្តរជាតិបានទទួលស្គាល់ផងដែរ ខណៈប្រទេសជាតិមាន សុខសន្តិភាព ពេញលេញ ដោយហេតុថា ស្រុកឱរ៉ាល់គឺជាស្រុកមួយក្នុងចំណោមស្រុកក្រុងទាំង៨ នៃខេត្តកំពង់ស្ពឺ ស្រុកឱរ៉ាល់មានជនជាតិដើមភាគតិចសំបូរសួយ យ៉ាងច្រើនរស់នៅ។
លោក វ៉ី សំណាង បានបន្ថែមថា បច្ចុប្បន្ននេះដែរមានខេត្តចំនួន១៥ នៅក្នុងប្រទេសកម្ពុជាមានជនជាតិដើមភាគតិចកំពុងរស់នៅផងដែរ ក្នុងនោះមាន ខេត្តកំពង់ស្ពឺ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ក្រុងព្រះសីហនុ កោះកុង និងខេត្តត្បូងឃ្មុំ។ ក្នុងចំណោមជនជាតិ ដើម ភាគតិចនោះដែរគឺមានអំបូរជនជាតិដើមភាគតិចចំនួន២៤អំបូរ៖ សួយ ព្នង ទំពួន ចារ៉ាយ ព្រៅ គ្រឹង ព័រ ជង ស្អូច ស្ទៀង ក្រោល មឹល ត្មូន ខោញ កាវ៉ែត កាចក់ សំរ៉ែ លន់ កូឡា រអួង និងរដៃរៈ។
អភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកឡើងដែរថា ក្នុងចំណោមបងប្អូនជនជាតិដើមភាគតិចនេះគឺបាននិងកំពុងអាស្រ័យផលដោយពឹងផ្អែកលើធនធានធម្មជាតិដូចជា ដងជ័រ បោចវល្លិ៍ រកផ្តៅ បន្លែ ផ្លែឈើ រកទឹកឃ្មុំ ឱសថបុរាណ រើសជ័រចុង ធ្វើស្រែ និងកាប់ចំការវិលជុំ បរបាញ់សត្វជាលក្ខណៈប្រពៃណីជាដើម។
សូមបញ្ជាក់ដែរថានាឱកាសនោះដែរ លោក វ៉ី សំណាង ក៏បានប្រគល់អំណោយរួមមាន៖ សំលៀកបំពាក់ កាបូប និងថវិកា មួយចំនួន ដែលជាជំនួយរបស់លោកឧកញ៉ា ហ៊ួ សុជាតិ និងលោកឧកញ៉ា ឆាយ សុធា រួមទាំងសប្បុរសជនផ្សេងៗ ជូនដល់បងប្អូនដែលជាជនជាតិដើមភាគតិច រស់នៅស្រុកឱរ៉ាល់ ជាច្រើនគ្រួសារផងដែរ៕