(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការដេញបង្ក្រាបករណីបាញ់ជនជាតិចិន បណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់ ខណៈជនដៃដល់ជាជនជាតិចិនចំនួន៣នាក់ ក៏បានស្លាប់ផងដែរ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានបញ្ជាក់ថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០០៖៥០នាទី រំលងអធ្រាត្រ នៅចំណុចមុខសណ្ឋាគារ៥២០ ស្ថិតក្នុង ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធមួយកើតឡើងបង្កដោយមនុស្ស១ក្រុមមានគ្នា៦នាក់ រួមមាន៖ ជនជាតិខ្មែរម្នាក់ជាអ្នកបើកបររថយន្ត និងជនជាតិចិន៥នាក់ ជាមិត្តភក្ត័្រគ្នាទើបស្គាល់គ្នា។
តាមការបំភ្លឺអ្នកឃើញហេតុការណ៍៖ នៅវេលាខាងលើជនរងគ្រោះ និងជនសង្ស័យបានជិះរថយន្តជាមួយគ្នាមកពីផឹកស៉ី មកដល់ចំណុចខាងលើក៏បង្កជម្លោះគ្នាដោយជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពយកអាវុធខ្លី និងកាំបិតគំរាមជនរងគ្រោះទាំង៣នាក់។ ឃើញដូច្នេះអ្នកបើកបរជនជាតិខ្មែរ បានរត់ចេញក្រៅរថយន្តស្រែកឲ្យគេជួយ ស្រាប់តែជនសង្ស័យ៣នាក់ ដែលជិះខាងក្រោយចាប់គ្រៀកជនរងគ្រោះម្នាក់ រហូតប្រតាយប្រតប់គ្នា ហើយជនរងគ្រោះត្រូវបានជនសង្ស័យចាក់១កាំបិតចំពោះ និងខំរុញទ្វារថយន្តលោតចេញក្រៅក៏ត្រូវជនសង្ស័យបាញ់១គ្រាប់ចំក្បាលស្លាប់ក្បែររថយន្ត។
ចំណែកជនរងគ្រោះម្នាក់ទៀតដែលជិះខាងមុខ ត្រូវបានក្រុមជនសង្ស័យ៣នាក់ ចាប់ខ្លួនយកទៅ រួមជាមួយរថយន្តរបស់ជនរងគ្រោះ ជាមធ្យោបាយរត់គេចខ្លួនបាត់ផងដែរ។
ភ្លាមនោះ កម្លាំងរថយន្តល្បាតកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលកំពុងជិះល្បាតនៅក្បែរម្តុំនោះបានទទួលព័ត៌មាន បានជិះដេញប្រកិតតាមរថយន្តដែលជនសង្ស័យបើករត់គេចខ្លួន ហើយក្រុមជនសង្ស័យ បានធ្វើការបាញ់មកលើសមត្ថកិច្ចយើងទៅ វិញទៅមក ជាច្រើនគ្រាប់តែមិនបណ្តាលឲ្យកម្លាំងយើងរងរបួស និងដកថយនោះឡើយ។ កម្លាំងបានបន្តដេញតាម និងមានការបន្ថែមកម្លាំងជំនាញ ពីស្នងការដ្ឋាននគរបាលខេត្ត ដោយសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចេញតាមរហូតដល់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧-១៨៨ ស្ថិតក្នុង ភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់។
ពេលដល់ចំណុចខាងលើ រថយន្តរបស់ជនសង្ស័យបើកបរដោយល្បឿនលឿនបានបើករេ ចង្កូតធ្លាក់ផ្លូវ បុកបង្គោលភ្លើងថ្ម ខណៈនោះកម្លាំងសមត្ថកិច្ចយើងចូលទៅព័ទ្ធរថយន្ត បង្កមានការផ្ទុះអាវុធជាច្រើនគ្រាប់ ហើយរំដោះបានជនរងគ្រោះម្នាក់ (ដោយគាត់បានលូនចេញពីក្នុងរថយន្តមកលើកដៃក្រាបក្បែររថយន្តដោយដៃមានជាប់ខ្នោះ និងឃាត់ជនសង្ស័យបានចំនួន៣នាក់)។
ជនរងគ្រោះ និងជនសង្ស័យរបួសធ្ងន់ធ្ងរ កម្លាំងនគរបាលបានបញ្ជូនជនរងគ្រោះ១នាក់ និងជនសង្ស័យ១នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំណែកជនសង្ស័យ២នាក់ទៀតបានស្លាប់នឹងកន្លែង រីឯជនសង្ស័យ ១នាក់ដែលបញ្ជូនទៅមន្ទីរពេទ្យ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ជារួមជនរងគ្រោះ មានចំនួន៣នាក់៖
*ជនជាតិខ្មែរម្នាក់ (ជាអ្នកបើកបរ)
*ជនជាតិចិន ២នាក់ (ស្លាប់នៅកន្លែងកើតហេតុ១នាក់ និងរបួសធ្ងន់១នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ)។
*ជនសង្ស័យ មានចំនួន ៣នាក់ ជាជនជាតិចិន ស្លាប់ទាំង៣នាក់៖ ស្លាប់ចំនួន២នាក់ (នៅកន្លែងកើតហេតុពេលរត់គេចខ្លួន) ស្លាប់ម្នាក់ (ពេលបញ្ជូនពីកន្លែងកើតហេតុ ពេលរត់គេចខ្លួនទៅដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ)។
សម្រាប់វត្ថុតាងចាប់យកបានរួមមាន៖
*អាវុធខ្លី ០១ដើម ម៉ាក CF98 ពណ៌ខ្មៅ (មានបញ្ចូលគ្រាប់ ប្រភេទ 9mm ០១គ្រាប់ ក្នុងកាណុង)។
*បង់អាវុធខ្លី ០១ មានគ្រាប់ ប្រភេទ 9mm ០៥គ្រាប់
*រើសបានគ្រាប់9mmក្នុងរថយន្ត ចំនួន១គ្រាប់
*សំបកកាទុស ប្រភេទ 9mm ចំនួន០៧គ្រាប់ (បន្សល់ទុកកន្លែងកើតហេតុ មុខសណ្ឋាគារ ៥២០ចំនួន១គ្រាប់និងបន្សល់ទុកកន្លែងក្នុងរថយន្តចំនួន៦គ្រាប់)។
*ខ្នោះដៃ ០២គូ (នៅជាប់ដៃជនរងគ្រោះ១គូ)
*កាំប៉ិតស្នៀត ០២ដើម
*កាបូបដៃកៀបក្លៀក ០១ ពណ៌ប្រផេះ
*លិខិតឆ្លងដែន ០២ក្បាល ( ឈ្មោះ HUANG MIN និងឈ្មោះ FENG QIANG )
*អត្តសញ្ញាណប័ណ្ណចិន ០១សន្លឹក
*ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន ០១សន្លឹក (ឈ្មោះ FENG QIANG )
*កាតធនាគារ ០៥សន្លឹក
*ស្លាកលេខរថយន្ត ០១គូ (ព្រះសីហនុ 2A-6145)
*កាបូបស្ពាយពីក្រោយចំនួន ០១ ពណ៌ប្រផេះ ក្នុងនោះមាន៖ គ្រាប់អាវុធខ្លី ប្រភេទ 9mm ចំនួន ០៧គ្រាប់ (ខ្ចប់ក្នុងថង់ផ្លាស់ស្ទិក), ខ្សែរិត (ស៊ីល) មួយចំនួនធំ, ខ្សែពួរលីឡុង ០១ខ្សែ, ស្កុតថ្លា ០១ដុំ, កន្សែងដៃហែកជាជំរាក់ៗចំនួន ០៧បន្ទះ (សម្រាប់ចុកក្នុងមាត់ជនរងគ្រោះ), ទួណឺវីស ០១, ខ្នោះដៃ ០១គូ (សរុបទាំងអស់៣គូ នៅជាប់ដៃជនរងគ្រោះ១គូ), សោរខ្នោះដៃ ០២, ស្រោមខ្នោះ០៣។
សម្រាប់ករណីខាងលើនេះ នគរបាលព្រហ្មទណ្ឌ កំពុងបន្តការស្រាវជ្រាវ៕