(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកជំទាវ ខាន់ ម៉ានីដា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ម្ដាយក្មេកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងត្រូវជាម្ដាយបង្កើត លោកស្រី ទេព រង្ស៉ី។
សារលិខិតរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា មហាឧបាសិកាពុទ្ធនូបត្ថម្ភក៍ ពេន យុត ត្រូវជាម្ដាយក្មេករបស់ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៩:១៥នាទី ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវការសោកស្តាយអាល័យជាទីបំផុតជាមួយក្រុមគ្រួសារនៃសព ព្រោះការបាត់បង់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គឺជាការបាត់បង់នូវម្តាយ ជីដូន ជីទួត ប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃចំពោះកូនចៅជាទីស្រឡាញ់មួយជីវិតរបស់មហាឧបាសិកា តែងតែរួមចំណែកផ្សារភ្ជាប់នឹងវិស័យព្រះពុទ្ធសាសនា កិច្ចការសង្គម និងមនុស្សធម៌នៅកម្ពុជាយ៉ាងច្រើនពុំអាចបំភ្លេចបានឡើយ។
ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពោន យុត សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ សូមឯកឧត្តម និងលោកជំទាវ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា»៕