(ភ្នំពេញ)៖ នៅទីស្នាក់ការគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ បានរៀបចំពិធីផ្សព្វផ្សាយ ផែនការចាត់តាំងអនុវត្ត សេចក្ដីសម្រេច ស្តីពី ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ ក្រោមអធិបតីភាពលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ។
នៅក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ព្រមទាំងមានការចូលរួមពី អនុប្រធានក្រុមការងារចុះជួយខណ្ឌ និងប្រធានក្រុមការងារចុះជួយសង្កាត់ទាំង១១និងសមាជិក សមាជិកាគណបក្សខណ្ឌ និងសង្កាត់ទាំង11 សរុបមានចំនួន២៧០នាក់ផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញសេចក្តីសម្រេច ដោយយកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤៕