(ព្រះសីហនុ)៖ លោក សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក លៀម សុដា អភិបាលរងខេត្ត តំណាងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៣៨ ដោយលើកយករបៀបវារៈមួយចំនួនមកពិនិត្យ និងពិភាក្សា។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូ Zoom Meeting ពីសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធាន មន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
របៀបវារៈដែលត្រូវបានលើកយកមកពិនិត្យ និងពិភាក្សារួមមាន៖
*ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្ត
*ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្ត
*ពិនិត្យ ពិភាក្សានិងអនុម័តរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២២ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២)
*ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលខេត្តព្រះសីហនុ
*ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការសាលាខេត្ត
*ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ, គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ, គណៈកម្មាធិការលទ្ធកម្ម, គណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្ម និងការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរ លោក សូ ជុងហួរ បានវាយតម្លៃ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក តាមតួនាទី ភារកិច្ចបានល្អប្រសើរ ពិសេសការងារសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈធ្វើឱ្យភ្ញៀវ ទេសចរជាតិ និងអន្តរជាតិមានភាពកក់ក្តៅមកលេងកម្សាន្តខេត្តព្រះសីហនុ នាឱកាសបុណ្យ ជាតិនានា និងថ្ងៃឈប់សម្រាកចុងសប្តាហ៍។ ថ្វីត្បិតតែយើងមានមោទនភាពចំពោះការងារដែលបានអនុវត្តន៍កន្លងមកទទួលបានលទ្ធផលល្អ យើងត្រូវរួមគ្នាបន្តអនុវត្តន៍សកម្មភាពការងារបម្រើឱ្យវិស័យទេសចរណ៍ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុបន្ថែមទៀត ស្របតាមគោលនយោបាយចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕