(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ (គ.ហ.ស.) នាព្រឹកថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិភាក្សាអំពី «ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក ២ ប្រចាំឆមាសទី ១ ឆ្នាំ ២០២២» តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងជាសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ថា ឆ្លងតាមរយៈការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក ២ ប្រចាំឆមាសទី ១ ឆ្នាំ ២០២២ បានឆ្លុះបញ្ចាំងឱ្យឃើញថាភាពជឿទុកចិត្តនៃថវិកានៅរក្សាភាពធន់ និងអាចទុកចិត្តបាន តាមរយៈការបន្តពង្រឹងការគ្រប់គ្រងការប្រមូលចំណូល ការធ្វើទំនើបកម្មរដ្ឋបាលចំណូលនិងគោលនយោបាយពន្ធ និងការពង្រឹងលើប្រសិទ្ធភាពចំណាយ។ តាមរយៈនេះ ធនធាននៅរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ កំពុងត្រូវបានសិក្សាលទ្ធភាព និងកំណត់ប្រភពចំណូលបន្ថែមដើម្បីបង្កើនធនធានសម្រាប់ការចំណាយអភិវឌ្ឍន៍មូលដ្ឋាន។
តាមរយៈរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក ២ ប្រចាំឆមាសទី ១ ឆ្នាំ ២០២២ បានបង្ហាញថា ជារួម ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈកំពុងវិវត្តទៅរកប្រក្រតីភាព និងភាពល្អប្រសើរឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩មានភាពថមថយ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ភាពបត់បែននៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ និងចីរភាពនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ក្នុងរយៈពេល ៦ ខែ នៅឆ្នាំ ២០២២, ការប្រមូលចំណូលថវិការដ្ឋសម្រេចបាន ១២ ៨០៣ ប៊ីលានរៀល ស្មើនឹង ៥៥% ធៀបនឹងច្បាប់ ខណៈដែលចំណូលសារពើពន្ធនៅតែបន្តរួមចំណែកខ្ពស់រហូតដល់ ៩៣% នៃចំណូលសរុប ច្រើនជាងការប្រមូលចំណូលនៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ ២០២១ ដែលសម្រេចបាន ៥៣%ធៀបនឹងច្បាប់ ក្នុងនោះចំណូលសារពើពន្ធរួមចំណែកត្រឹម ៩១% ប៉ុណ្ណោះ។
ដោយឡែក ចំពោះការអនុវត្តចំណាយថវិកាជាតិ គិតត្រឹមត្រីមាសទី ២ នេះ មានភាពយឺតយ៉ាវជាងផែនការបន្តិច តែការអនុវត្តចំណាយតាមត្រីមាសកំពុងត្រូវបានជំរុញ និងពន្លឿន តាមរយៈការរៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការរៀបចំគោលការណ៍ និងនិតិវិធីទូទាត់។
ជាមួយគ្នានេះ ចំពោះសកម្មភាពកែទម្រង់គន្លឹះៗ ដូចជាការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការកសាង និងកែលម្អប្រព័ន្ធ, និង ការរៀបចំលិខិតបទដ្ឋានគតិយុត្តស្នូលសំខាន់ៗនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ភាគច្រើនបន្តមានវឌ្ឍនភាព ក៏ដូចជាសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្រផងដែរ។ ជាក់ស្តែង ការរៀបចំច្បាប់សំខាន់ៗដូចជាសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ថ្មី) ត្រូវបានរៀបចំ និងដាក់ឆ្លងពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ខណៈដែលសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធត្រូវបានដាក់ឆ្លងទៅរដ្ឋសភា។
ស្របជាមួយគ្នានេះ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System - FMIS) ត្រូវបានដាក់ឱ្យអនុវត្តទៅដល់គ្រប់ក្រសួងស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្តទាំង ២៥, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ១០ និងរដ្ឋ-បាលថ្នាក់ក្រោមជាតិ ហើយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (Non Tax Revenue Management Information System - NRMIS) បានដាក់ឱ្យអនុវត្តនៅក្រសួង-ស្ថាប័នប្រមូលចំណូលទាំង ២៣, មន្ទីរអង្គភាពជំនាញរាជធានីខេត្ត និងរដ្ឋបាលរាជធានីខេត្ត ។ ទន្ទឹមនេះ, ការជំរុញធ្វើបណ្ណកម្មសិទ្ធិដីធ្លីគិតត្រឹមឆ្នាំ ២០២២ នេះ សម្រេចបាន ៦២% ស្មើនឹង ១៧ ៧៦៤ កន្លែង។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ និងគ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតសម្រេចបានសមិទ្ធផលនៅឆមាសទី ១ នេះ និងស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួង បន្តជំរុញការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី ៣ បូក ២ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក៕