(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងភរិយា ព្រមទាំងសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ មានសេចក្តីក្រៀមក្រំ និងសោកស្តាយដ៏ក្រៃលែង ចំពោះមរណភាពរបស់មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ត្រូវជាម្តាយក្មេក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាម្តាយបង្កើត លោកស្រី ទេព រង្ស៉ី។
ក្នុងលិខិតចូលរួមរំលែកមរណៈទុក្ខ បានគូសបញ្ជាក់ថា មរណភាពនៃមហាឧបាសិកាកុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត គឺជាការបាត់បង់ដ៏ធំធេង នូវអ្នកម្តាយ អ្នកម្តាយក្មេក ជីដូន ជីដូនទួត ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់បំផុត ក៏ដូចជាការបាត់បង់នូវមហាពុទ្ធសាសនិកដ៏ល្អប្រពៃ មួយរូបក្នុងព្រះពុទ្ធសាសនា ដែលពេញមួយជីវិតរបស់មហាឧបាសិកា បានបូជាកម្លាំងកាយ ចិត្ត បញ្ញា ព្រមទាំងធនធាន ក្នុងការឧបត្ថម្ភទំនុកបម្រុងលើកស្ទួយព្រះពុទ្ធសាសនា ឲ្យបានរុងរឿងជាដរាបរៀងមក។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងភរិយា ព្រមទាំងសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ សូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំអាឡោះអាល័យជាមួយ លោក ខៀវ កាញារីទ្ធ និង ភរិយា ព្រមទាំងក្រុមគ្រួសារ និងបួងសួងសូមបដិសន្ធិវិញ្ញាណរបស់មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា មហាឧបាសិកាកុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត បានទទួល អនិច្ចកម្មនៅព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ៕