(កណ្តាល)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសសុខមាលភាពប្រជាជននោះ ទើបលោក ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ ខេត្តកណ្តាល បានអញ្ជើញក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ទៅព្យាបាលដល់ពលរដ្ឋទាំងក្មេង ទាំងចាស់ នៅក្នុងមូលដ្ឋាន។
ចំពោះប្រជាពលរដ្ឋណាដែលអញ្ជើញមកអធិការដ្ឋានមិនរួច ដូចជាស្ត្រីពោះធំជាដើមលោកបានអញ្ជើញគ្រូពេទ្យទៅព្យាបាលដល់លំនៅដ្ឋានតែម្តង ។
ការអញ្ជើញចុះទៅព្យាបាលជូនប្រជាពលរដ្ឋនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៩ខែឧសភា ឆ្នាំ២០១៦នៅទីតាំងអធិការដ្ឋានស្រុកកោះធំ ភូមិស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដោយមានចូលរួមពីលោកអភិបាលរងស្រុកកោះធំ លោក គិត ច័ន្ទគ្រីស្នា នាយកសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យសុខភាពជាច្រើននាក់ផងដែរ។
លោក ឈឿន ឆន បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង១១ឃុំទូរទាំងស្រុកកោះធំទាំងមូលឲ្យតែមានបញ្ហាសុខភាព គឺពួកគាតើអាចអញ្ជើញមកឲ្យក្រុមគ្រូពេទ្យពិនិត្យសុខភាពជូនពួកគាត់ដោយមិនគិតលុយ ពេលពិនិត្យទៅឃើញថាគាត់មានជំងឺអ្វី ដែលតម្រូវឲ្យពិសារថ្នាំគឺខាងគ្រូពេទ្យមានថ្នាំពេទ្យរៀបចំជូនឲ្យត្រូវនិងជំងឺ ហើយថ្នាំពេទ្យទាំងនេះគឺជាថ្នាំ ដែលមានគុណភាពខ្ពស់មានកាលបរិច្ឆេទត្រឹមត្រូវបំផុត។
លោកបានបន្តថា សុខមាលភាពគឺជាកត្តាចម្បងបំផុតសម្រាប់គ្រួសារនីមួយៗបើយើងមានសុខភាពល្អហើយគ្រួសារក៏កាន់តែរីកចំរើន ដូច្នេះបងប្អូនតែថែរក្សាសុខភាពយើង ពេលមានបញ្ហាអ្វីមួយនៅក្នុងខ្លួនយើងត្រូវស្រូតទៅរកគ្រូពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យសុខភាពជូន ។
ជាមួយគ្នានោះដែរលោកក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ជាពិសេសលោកប្រធានសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបានដឹកនាំក្រុមគ្រូពេទ្យចុះមកដោយផ្ទាល់នោះ និងបានឧបត្ថម្ភជាថ្នាំពេទ្យផងដែរ នេះគឺជាទឹកចិត្តដរបស់លោកក្នុងការចូលរួមជាមួយសង្គម។
ជាមួយគ្នានោះដែរលោក គិត ច័ន្ទគ្រីស្នា បាននិយាយទៅប្រជាពលរដ្ឋថា កាលដែលលោកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យសុខភាពជូនលោកតាលោកយាយ អ៊ុ ពូ បង ទាំងអស់នោះ គឺដោយសារតែលោក ឈឿន ឆន អធិការនគរបាលស្រុកកោះធំ បានអញ្ជើញមក ហើយចំពោះថ្នាំសង្កូវនោះគឺជាអ្នកទទួលទាំងអស់ ហើយអធិការជាអ្នកទទួល នៅកន្លែងរបស់លោកទាំងហូបចុកនិងរៀបចំកន្លែងផងដែរ នេះគឺជាសកម្មភាពដ៏ល្អមួយក្នុងការចូលរួមជួយដល់សង្គម។
លោកអភិបាលរងស្រុកបានថ្លែងទៀតថា សកម្មភាពរបស់លោក អធិការស្រុក និងលោកនាយកសាកលវិទ្យាល័យពុទ្ធិសាស្ត្រ គឺជាការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រោះបញ្ហាសុខភាពគឺជាចំណុចមួយដែលយើងត្រូវយកចិត្តទុកដាក់បំផុត ព្រោះបើគ្រួសារមួយមានសុខភាពល្អ គឺជីវភាពក៏កាន់តែរុងរឿងផងដែរ ប៉ុន្តែបើមានបញ្ហាផ្នែកសុខភាពវិញនោះ ធ្វើឲ្យយើងខាតបង់ថវិការជាច្រើនផងដែរ ដូច្នេះយើងគប្បីថែសុខភាពឲ្យបានល្អទាំងអស់គ្នា៕