(សៀមរាប)៖ អង្គការហ្រ្គេត (GRET) នឹងសហការជាមួយអាជ្ញាធរស្រុកដុំដែក រួមនឹងកសិករក្នុងសហគមន៍ អ៊ីកូ ហ្វាម ដើម្បី ផលិតជីកំប៉ុស្តិ៍ពីអាចម៍ជន្លេន តាមរយៈការ ប្រមូលសំរាមឱ្យជន្លេនស៊ី ហើយផលិតចេញជាជី សម្រាប់ឱ្យកសិករក្នុងស្រុកសូទ្រនិគមប្រើប្រាស់។
លោក ប៉ាត សុវណ្ណ អ្នកបច្ចេកទេសកសិកម្ម នៃអង្គការ GRET បានឱ្យដឹងថា គម្រោងផលិត ជីកំប៉ុស្តិ៍ចេញពីអាចម៍ជន្លេននេះ ធ្វើឡើងស្របពេលដែលតម្លៃជី និងធាតុចូលកសិកម្មផ្សេងៗកំពុងឡើងថ្លៃ ដែលគម្រោងនេះនឹងជួយកាត់បន្ថយការចំណាយរបស់កសិករទៅលើការទិញជី បានមួយផ្នែក។ ពោលគឺការផលិតជីកំប៉ុស្តិ៍ពីជន្លេននេះ នឹងចូលរួមចំណែកជួយទាំងបរិស្ថាន និងសេដ្ឋកិច្ចកសិករ ព្រមទាំងទទួលបានបន្លែសុវត្ថិភាព ។
លោកបានឱ្យដឹងថា គម្រោងផលិតជីកំប៉ុស្តិ៍ពីអាចម៍ជន្លេននេះ អង្គការ GRET បានសហការជាមួយអាជ្ញាធរស្រុកដុំដែកផ្នែកបរិស្ថាន និងក្រុមហ៊ុនស៊ិនទ្រីដែលជាអ្នកប្រមូលសម្រាម ដើម្បីប្រមូលសំរាមពីផ្សារនេះ និងតំបន់ជុំវិញយកមកឱ្យជន្លេនស៊ី ហើយផលិតចេញជាជីកំប៉ុស្តិ៍ សម្រាប់កសិករមកប្រើប្រាស់លើដំណាំផ្សេងៗ ទាំងបន្លែ និងស្រូវ។
លោកបានគូសបញ្ជាក់ថា «យើងបានសិក្សាពីបរិមាណសំរាមដែលអាចកែច្នៃបានជាជី នៅក្នុងផ្សារដំដែករួចហើយ ហើយយើងបានសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុក សុំទីតាំងគាត់ ដែលយើងអាចសាងសង់អគារ ដើម្បីស្តុកសម្រាម និងដាក់ជន្លេន ក៏ដូចជាស្តុកជីកំប៉ុស្តិ៍។ ហើយទីតាំងនេះ អាចនឹងសាងសង់ នៅរយៈពេល២ ទៅ៣ខែខាងមុខ។ អង្គការ GRET នឹងចាប់ផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកលក់បន្លែ នៅក្នុងផ្សារដុំដែក ដើម្បីឱ្យពួកគាត់យល់ពីការជែកសម្រាម និងការទុកដាក់សម្រាមដាច់ដោយឡែកពីគ្នា។»
លោកបន្តថា សម្រាប់ជីដែលបានផលិតនេះ នឹង ប្រើប្រាស់នៅក្នុងសហគមន៍ផលិតបន្លែនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាម ប្រសិនបើបរិមាណផលិតច្រើនលើសតម្រូវការ គម្រោងនឹងលក់ឱ្យកសិករនៅក្រៅសហគមន៍ផងដែរ។
តាមអ្នកបច្ចេកទេសកសិកម្មរូបនេះ រំពឹងថា ក្នុងមួយថ្ងៃនឹងប្រមូលសំរាម ឬកាកសំណល់ផ្សេងៗបានប្រមាណ១តោន សម្រា ប់យកទៅផលិតជី ដែលក្នុងមួយឆ្នាំអាចផលិតប្រមាណ២០តោន ឬប្រមាណជាង២តោនក្នុងខែ៕