Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារចូលរួមរំលែកទុក្ខជាមួយ លោក ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្ស៉ី ចំពោះមរណភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត

09-08-2022 16:54

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នេះ បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត លោក ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្ស៉ី ចំពោះមរណភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ត្រូវជាម្ដាយ ម្ដាយក្មេករបស់លោក ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្ស៉ី ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២នេះ វេលាម៉ោង ៩៖១៥នាទី ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

នៅក្នុងសារលិខិតចូលរួមរំលែកទុក្ខនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ដូចនេះថា «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ត្រូវជាម្តាយក្មេករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំដោយជរាពាធ»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ទៀតថា ទោះបីរូបកាយរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តកូនចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

សម្តេច ក៏បានបួងសួងឱ្យវត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕