(ព្រៃវែង)៖ សមាជិកសកម្ម និងជា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅឃំុព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ចំនួន៥៩នាក់ បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគេ បានអស់ជំនឿលើការដឹកនាំរបស់ លោក សម រង្ស៊ី និងលោក កឹម សុខា ជាពិសេសរឿងអាស្រូវស្រីញីរបស់លោក កឹម សុខា ចុងក្រោយនេះតែម្តង។
ពិធីទទួលសមាជិកគណបក្សសង្គ្រោះជាតិមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ផែង វណ្ណៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃំុព្រៃឃ្នេស តំណាងលោក តោ ពន្លក ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃំុព្រៃឃ្នេស និងលោក ខឹម ឈុំ ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកមេសាង នៅភូមិត្រពាំងព្រះទី ១ ឃំុព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៦។
លោក ផែង វណ្ណ: បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សនោះ តែងតែគិតពីការរស់នៅ និងសុខទុក្ខរបស់ប្រជាជននៅទូទាំងប្រទេសគ្រប់ពេលវេលា ហើយចាត់ចែងឲ្យក្រុមការងារទាំងអស់ចុះមូលដ្ឋាន ជួយដោះស្រាយរាល់ការលំបាករបស់បងប្អូន មិនត្រូវគិតពីការនឿយហត់នោះទេ។
លោក ផែង វណ្ណ: បានចាត់ទុកថា ការស្ម័គ្រចិត្តមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ បង្ហាញឲ្យឃើញថា បងប្អូនបានយល់យ៉ាងពិតប្រាកដចំពោះគោលនយោបាយដឹកនាំប្រទេសជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំហើយគណបក្សប្រជាជន សូមស្វាគមន៍ បងប្អូនគ្រប់ពណ៌សម្បុរ ដើម្បីមកចូលរួមចំណែកការអភិវឌ្ឍន៍សង្គមជាតិរបស់យើង កាន់តែរីកចំរើនខ្លាំងឡើង៕