(ភ្នំពេញ)៖ ផលិតកម្មទឹកមាត់ត្រចៀកកាំ នឹងត្រូវបានលើកកម្ពស់ ឆ្លើយតបបានតាមសេចក្តីត្រូវការទីផ្សារចិន បន្ទាប់ពីមានការចុះកិច្ចព្រមព្រៀង លើអនុស្សរណៈយោគយល់គ្នា (MOU) រួចរាល់ តាមរយ:ការលើកកម្ពស់គុណភាពផលិត និងការកែច្នៃ។
ការលើកឡើងបែបនេះរបស់លោក វេង សាខុន បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី «ការនាំចេញ ផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន» រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។
លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ដែលបានឈានមកដល់ ការចុះហត្ថលេខាលើឯកសារ MOU នេះ។
លោកបានលើកឡើងថា ទឹកមាត់ត្រចៀកកាំកម្ពុជាកន្លងមក ផលិតសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតួចនិងក្រៅផ្លូវការ។ ឯកសារ MOU ដែលចុះហត្ថលេខានេះ នឹងជួយបើកទីផ្សារចិន ដែលជាទីផ្សារធំជាងគេ ឱ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ធានាបាននូវស្តង់ដារផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណៈ ឆ្លើយតបបានតាមលក្ខខណ្ឌ តម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។
លោករដ្ឋមន្ដ្រី ក៏បានសាទរ និងបង្ហាញឆន្ទៈគាំទ្រលើដំណើរការនៃការអនុវត្តខ្លឹមសារ MOU របស់ភាគីទាំងពីរ រួមជាមួយភាគីពាក់ព័ន្ធក្នុងនោះក៏មានអ្នកចិញ្ចឹមផងដែរ។ ឆ្លៀតយកឱកាសនេះ លោកបានអំពាវនាវដល់អ្នកចិញ្ចឹមត្រចៀកកាំ ទាក់ទងអគ្គនាយកដ្ឋានកសិកម្មដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមតាមរយៈលោក កែ មុន្ធិវុធ ប្រធាននាយកដ្ឋានអនាម័យ និងភូតគាមអនាម័យ។
យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា តាមស្ថិតិរបស់រដ្ឋបាលព្រៃឈើ ក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសមានផ្ទះត្រចៀកកាំចំនួន៨៧២ផ្ទះ និងអាចផ្តល់ផលចន្លោះ ពី ១តោនទៅ១,៥តោនក្នុងមួយខែ។ សំបុកត្រចៀកកាំ ទើបប្រមូលផល មានតម្លៃចាប់ពី៧០០ ទៅ ៩០០ដុល្លារក្នុងមួយគីឡូក្រាម និងសំបុកត្រចៀកកាំដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១៥០០ ទៅ ២០០០ដុល្លារក្នុងមួយគីឡូក្រាម។
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកសិកម្មបានទទួលជួបពិភាក្សាការងារ ជាមួយមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលជាតំណាង មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Xiamen នៃខេត្ត Fujian។
មជ្ឈមណ្ឌលនេះ កំពុងសហការជាមួយក្រុមហ៊ុន Southeast Yandu (Xiamen) Industrial Development Co., Ltd រៀបចំផែនការវិនិយោគក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រមូលទិញ និងកែច្នៃសំបុកត្រចៀកកាំនៅកម្ពុជាដើម្បីនាំចេញទៅប្រទេសចិន និងមានបំណងផ្តល់កិច្ចសហការ ជួយកម្ពុជាក្នុងការរៀបចំឯកសារចរចាបើកទីផ្សារនេះ រួមទាំងធ្វើជាអន្តរការីសម្របសម្រួលការងារនេះ ជាមួយ GACC ផងដែរ ៕