(ភ្នំពេញ)៖ អ្នកជំនាញបានលើកឡើងថា ការគាំទ្រផលិតផលបន្លែ និងសាច់ ដែលផលិតក្នុងស្រុក នឹងចូលរួមកាត់បន្ថយកង្វះអាហារូបត្ថម្ភសម្រាប់កុមារ និងស្រ្តី និងជួយដល់សេដ្ឋកិច្ចកសិករក្នុងស្រុក ខណៈបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍នានា បាននឹងកំពុងលើកទឹកចិត្ត និងបណ្តុះបណ្តាលកសិករ ឱ្យបង្កើនការផលិតបន្លែតាមស្តង់ដារសុវត្ថិភាព សម្រាប់បំពេញតម្រូវការក្នុងស្រុក។
កញ្ញា Justine Scholle ជំនួយការគម្រោងកសិកម្មនិរន្ដរភាពនៅខេត្តសៀមរាប របស់អង្គការ GRET បានលើកឡើងថា តាមការសិក្សាស្រាវជ្រាវ កាលពីពេលថ្មីៗនេះបានបង្ហាញថា កុមារអាយុក្រោម៥ឆ្នាំនៅកម្ពុជា ប្រមាណ២២% មានជំងឺក្រេះក្រិន កុមារ១០% មានភាពស្គមស្គាំង និង១៦%ទៀត ជួបបញ្ហាមិនគ្រប់ទម្ងន់ ដែលជារោគសញ្ញានៃការខ្វះអាហាររូបបត្ថម្ភ។ លើសពីនេះទៀត ការសិក្សាស្រាវជ្រាវបានរកឃើញថា ៤៧% នៃស្ត្រីដែលមានអាយុពី១៥ ទៅ ៤៩ឆ្នាំ កង្វះជាតិដែក និង៩.៥% នៃមនុស្សពេញវ័យ ជួបបញ្ហាលើសទម្ងន់។ កង្វះអាហាររូបបត្ថម្ភ នឹងធ្វើឱ្យកុមារប្រឈមនឹងការលូតលាស់មិនបានល្អ កាយសម្បទាមិនមាំមួន ខ្សោយបញ្ញាស្មារតី និងប្រឈមជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។
កញ្ញាបន្តថា ក្នុងចំណោមមូលហេតុជាច្រើន ដែលបង្ករឱ្យកុមារ និងមនុស្សពេញវ័យខ្វះអាហារូបត្ថម្ភ ក្នុងនោះការបរិភោគបន្លែនាំចូល ដែលមានសារធាតុគីមី ក៏បង្ករឱ្យមានកង្វះអាហារូបត្ថម្ភផងដែរ។
កញ្ញាលើកឡើងថា ការប្រើប្រាស់បន្លែដែលដាំក្នុងស្រុក និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយកង្វះអាហារូបត្ថម្ភសម្រាប់ស្រ្តី និង កុមារ ព្រោះបន្លែក្នុងស្រុកភាគច្រើន ត្រូវបានដាំដុះដោយមិនប្រើប្រាស់សារធាតុគីមី និងដាំតាមស្តង់ដារសុវត្ថិភាព។
លោកស្រី ធឿន សោភារី មន្រ្តីទទួលបន្ទុកកម្មវិធីអាហារូបត្ថម្ភនៃមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការបរិភោគបន្លែសុវត្ថិភាព គឺសំបូរទៅដោយសារធាតុចិញ្ចឹម ជាងបន្លែដែលប្រើប្រាស់សារធាតុគីមី និងមិនប៉ះពាល់សុខភាពស្រ្តី កុមារ ក៏ដូចជាមនុស្សទូទៅ ។ សម្រាប់ស្រ្តីមានផ្ទៃពោះ ការទទួលទានបន្លែស្លឹកពណ៌បៃតង គឺល្អបំផុត ព្រោះសំបូរទៅដោយជាតិដែក និងជីវជាតិអា និងមីក្រូសារជាតិល្អៗជាច្រើនទៀត ។
លោកស្រីលើកទឹកចិត្តឱ្យកសិករ បង្កើនការដាំបន្លែសុវត្ថិភាព សម្រាប់បំពេញតម្រូវការឱ្យ ច្រើន និងជំរុញអ្នកប្រើប្រាស់ងាកគាំទ្រនូវបន្លែ ដែលដាំតាមស្តង់ដារសុវត្ថិភាព មិនប្រើប្រាស់សារធាតុគីមី។ ប្រសិនបើមានការគាំទ្រច្រើននោះ នឹងជំរុញឱ្យកសិករដាំដុះ សម្រាប់បំពេញតម្រូវការទីផ្សារកាន់តែច្រើន។
លោកស្រីបន្ថែមថា «ការញ៉ាំបន្លែមានជាតិគីមី គឺវាប៉ះពាល់សុខភាព គឺយើងញ៉ាំយូរទៅៗ ធ្វើឱ្យយើងមានជំងឺភាគច្រើន គឺជំងឺមហារីក ហើយបើសម្រាប់កុមារវិញ គឺញ៉ាំបានតែមួយឆ្អែត អត់មានអីសម្រាប់ទ្រទ្រង់រាងកាយឱ្យលូតលាស់ ទាំងស្មារតី ។ចង់ឱ្យមនុស្សគ្រប់រូបស្វែងរកបន្លែសុវត្ថិភាពដែលមិនមែនប្រើជាតិគីមី គឺប្រើជីធម្មជាតិ ញ៉ាំទៅធ្វើឱ្យមានសុខភាពល្អ មិនសូវឈឺ ហើយសារធាតុចិញ្ចឹមគឺយើងបាន១០០% គឺមានអាហារូបបត្ថម្ភពេញតែម្តង»។
តាមរបាយការណ៍របស់ក្រសួងកសិកម្ម កាលពីឆ្នាំ២០២០ កម្ពុជាមានលទ្ធភាពផ្គត់បន្លែក្នុងស្រុកប្រមាណ៧១ម៉ឺនតោន ស្មើនឹង៦៨% នៃតម្រូវការសរុប។ បច្ចុប្បន្ននេះ មានគម្រោងជាច្រើន ដូចជាASPIRE,CASDP, LEAP, រួមនឹងគម្រោងផ្សេងៗទៀត កំពុងអនុវត្តគម្រោងផលិតកម្មបន្លែសុវត្ថិភាពជាមួយកសិករដៃគូទូទាំងប្រទេស ដែលទៅថ្ងៃអនាគតកម្ពុជានឹងមានផលិតផលបន្ថែ សុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុកសម្រាប់នាំចេញ។
លោក ប៉ាត សុវណ្ណ អ្នកបច្ចេកទេសកសិកម្ម នៃអង្គការ GRET បានលើកឡើងថា អង្គការ GRET បានចាប់ផ្តើមធ្វើការជាមួយកសិករ នៅខេត្តសៀមរាបតាំងពីឆ្នាំ២០១០ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាពឱ្យនិរន្តភាព តាមរយៈការបណ្តុះបណ្តាលកសិករពីបច្ចេកទេសនៃការដាំដុះ ការផលិតជីកំប៉ុស្តិ៍ សម្រាប់ស្រោចស្រពដំណាំសុវត្ថិភាព និងសរីរាង្គ ដោយប្តូរការដាំដុះប្រើប្រាស់សារធាតុគីមី មកដាំតាមស្តង់ដារសុវត្ថិភាពវិញ ដើម្បីឆ្លើយតបទៅនឹងការផ្តល់អាហារូបបត្ថម្ភ សម្រាប់អ្នកប្រើប្រាស់។
លោកបន្តថា «ដើម្បីឱ្យគាត់មាននិរន្តភាព គឺយើងធ្វើពីជំហ៊ានមួយទៅជំហ៊ានមួយ គឺពង្រឹងគាត់រហូត តាមរយៈការធ្វើឯកជនម្នាក់ឯង ឱ្យទៅជាក្រុម ជាសហគមន៍ ទៅជាការផលិតឱ្យមានស្តង់ដារផ្សារភ្ជាប់នឹងទីផ្សារ។ យើងឃើញថា បន្លែសុវត្ថភាពវាសារៈសំខាន់ សម្រាប់សុខភាពដែលឆ្លើយតបនឹងអាហារូបត្ថម្ភ ហើយជារួម ការផលិតបន្លែសុវត្ថិភាព គឺកសិករផលិតទៅតាមស្តង់ដារ ដែលធ្វើឱ្យបន្លែទាំងអស់ហ្នឹង គឺវាមានសារធាតុចិញ្ចឹមច្រើន ជាជាងបន្លែបន្លែចូលនាំ ដែលគេផលិតដោយគិតពីបរិមាណឱ្យបានច្រើនដើម្បីនាំចេញ ច្រើនជាងគិតពីគុណភាព។ ការគាំទ្របន្លែសុវត្ថិភាពក៏ចូលរួមចំណែកជួយ ទៅដល់អ្នកដាំបង្កើនចំណូល លើកកម្ពស់ជីវភាពពួកគាត់ឱ្យការងារ កាត់បន្ថយចំណាកស្រុកផងដែរ»។
លោកស្រី ថៃ សូដា អនុប្រធានសហគមន៍កសិកម្មសុវត្ថិភាព និងជាអ្នកសម្របសម្រួលទីផ្សាររបស់សហគមន៍ នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម បានឱ្យដឹងថា ការដាំបន្លែសុវត្ថិភាព ក្នុងសហគមន៍របស់ខ្លួន គឺស្របទៅតាមគោលការសុវត្ថិភាព គោរពនូវគោលការណ៍ដោយប្រើប្រាស់តែជីធម្មជាតិ ឬជីកំប៉ុស្តិ៍ ដើម្បីការលូតលាស់របស់បន្លែតែប៉ុណ្ណោះ ពោលគឺតាំងពីបច្ចេកទេសផលិត រហូតដល់ការប្រមូលផល និងវេចខ្ចប់ ធានាថា មិនប្រើប្រាស់ជីគីមី ឬសារធាតុគីមីនាំទៅដល់ផលប៉ះ ពាល់សុខភាពរបស់អ្នកបរិភោគនោះឡើយ ការដាំដុះត្រូវ៕