(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្កកំពង់ធំ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ខេត្ត បានប្រើយុទ្ធសាស្ត្រឈ្នះឈ្នះ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី ដែលបានកើតមានឡើងអស់រយៈជាច្រើនឆ្នាំមកហើយ រវាងក្រុមហ៊ុន ៧ មករា ផារី និងបងប្អូនប្រជាពលរដ្ឋ៩៩គ្រួសារ ស្ថិតនៅតំបន់កោះរះ ក្នុងតំបន់២ លើផ្ទៃដីចំនួន ២០០ហិកតា នាព្រឹកថ្ងៃទី៩ សីហា ឆ្នាំ២០២២ នៅសាលាឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោក ងួន រតនៈ ថ្លែងថា ការជួបគ្នាថ្ងៃនេះ ដើម្បីអង្គរជុំក្តាប់បាននូវអ្វីដែលកើតឡើងលើដីទំនាស់នេះ និងរូបភាពទំនាស់ ដើម្បីឈានទៅដល់សិក្សាបញ្ចប់នៃបញ្ហាទំនាស់រឿងដីធ្លីរវាងដីក្រុមហ៊ុន ៧ មករា ផារី ជាមួយបងប្អូន ប្រជាពលរដ្ឋព្រោះថា ទំនាស់ដីធ្លីនេះបានអូសបន្លាយយូរឆ្នាំ និងបានប្រើប្រាស់យន្តការតុលាការក្នុងចេញដីការក្សាការពារ ដើម្បីបានសិទ្ឋិប្រើប្រាស់អាស្រ័យផលលើដីរបស់រដ្ឋ (ដីតំបន់២ )។
ទន្ទឹមនឹងនោះ អភិបាលខេត្ត បានឲ្យខាងភាគីក្រុមហ៊ុន ៧ មករា ផារី និងភាគីតំណាងប្រជាពលរដ្ឋ បានលើកឡើងអំពីប្រវត្តិដី និងប្រវត្តិនៃការចូលកាន់កាប់ដី ព្រមទាំងឲ្យអាជ្ញាធរដែនដីធ្វើការបំភ្លឺពីបន្ថែមទៀត បន្ទាប់ពីចុះសិក្សា ស្រាវជ្រាវកន្លងមក។
លោក ងួន រតនៈ បានធ្វើការសម្របសម្រួល និងស្វែងរកដំណោះស្រាយអស់រយៈពេលជាច្រើនម៉ោង ទើបភាគីទាំងពីរ បានយល់ព្រមឯកភាពបញ្ចប់បញ្ហាទំនាស់ដីធ្លីនេះ ដោយបែងចែកគ្នាពាក់កណ្តាលម្នាក់ លើផ្ទៃដីចំនួន ២០០ហិចតា។
ទន្ទឹមនឹងនោះអភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរដែនី ធ្វើការជាមួយតំណាងក្រុមហ៊ុន ៧ មករា ផារី ជួបប្រជាពលរដ្ឋទាំង៩៩គ្រួសារ បន្តចុះទៅធ្វើការបែងចែកដីទំនាស់នេះ រវាងក្រុមហ៊ុន ៧ មករា ផារី និងប្រជាពលរដ្ឋ ដោយមានកំណត់បោះបង្គោលព្រំឱ្យបានច្បាស់លាស់។ សូមភាគីទំនាស់ទាំងពីរ ត្រូវដកពាក្យបណ្ដឹងទាំងឡាយណាដែលពាក់ព័ន្ធនឹងបុគ្គល រឿងទំនាស់ដីធ្លីនេះ នៅក្នុងសមត្ថកិច្ចតុលាការ បន្ទាប់ក្រុមការងារ បានធ្វើការបិទបញ្ចប់នៃបញ្ហាទំនាស់នេះ។
ចុងក្រោយលោក ងួន រតនៈ សំណូមពរដល់ភាគីទាំងពីរ សូមបញ្ចប់គ្រប់រឿងទាំងអស់ ដើម្បីឲ្យកើតមានសន្តិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងចូលទៅអាស្រ័យផលកុំទុកដីចោល ត្រូវប្រើប្រាស់ឲ្យសមស្របទៅតាមពេលវេលា និងគោលបំណងនៃការប្រើប្រាស់ ជាជាងទុកដីនៅទំនេរ៕