(ស្វាយរៀង)៖ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ស្ថានភាពនៃការជួញដូរមនុស្ស ជួញដូរផ្លូវភេទ ដែលមានគ្រោះថ្នាក់បំផុត ពិសេសបទល្មើសជួញដូរ មនុស្សឆ្លងដែន តាមរូបភាពការស្វែង រកការរៀបអាពាហ៍ពិពាហ៍ ជាមួយជនបរទេស ឬកេងប្រវ័ញ្ចផ្លូវភេទ ដោយប្រើអំពើហិង្សា គំរាមកំហែង បំបិទសិទ្ធសិរីភាព និងជួញដូរបន្តជាដើម។
ការថ្លែងបែបនេះលោកស្រីឯក សុវណ្ណភារៈ បានធ្វើឡើងនៅគ្រាដែលលោកស្រី តំណាងអភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារនិងចំណាកស្រុកដោយសុវត្ថិភាព នៅវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារនាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅភូមិសាម៉ឃុំ ស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។
ពិធីមានការចូលរួមពីសំណាក់លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរដែលពាក់ព័ន្ធ លោកស្រីអភិបាលរងស្រុក ប្រធានការិយាល័យជុំវិញស្រុកសមាជិក គ ក ន ក (មេឃុំ ជនបង្គោល ជានារី) នាយកលោកគ្រូគ្រូ អ្នកគ្រូ អង្គការដៃគូរ និងសិស្សានុសិស្សកងកម្លាំងទាំង៣សរុបចំនួន២៥០នាក់។
លោកស្រី បានបន្តថា ការផ្សព្វផ្សាយច្បាប់ទាំងនេះ ដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋកុំឲ្យមានការជួញដូរ ការធ្វើអាជីវកម្មលើផ្លូវភេទ ការពារជនរងគ្រោះ ពិសេសជនងាយរងគ្រោះដែលស្ថិតនៅជាអនិតិជន និងសំដៅធ្វើឲ្យគ្រួសារ របស់ប្រជាពលរដ្ឋរស់នៅប្រកប ដោយសុភមង្គលគ្មានអំពើហិង្សា ចំពោះអ្នកដែលរស់នៅក្រោមដំបូលផ្ទះតែមួយមិនថា ស្ត្រី កុមារ និងបុរសនោះទេ។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះក៏មានការចូលរួមស្ដាប់ការបកស្រាយ និងឆ្លើយសំនួរយកកាដូរក្នុងវេទិកាផ្សព្វផ្សាយស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារ និងចំណាកស្រុកដោយសុវត្ថិភាពយ៉ាងភាពស្និតស្នាលផងដែរ៕