(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានណែនាំដល់គ្រប់កងឯកភាពទ័ពក្រោមឱវាទត្រូវត្រួតពិនិត្យ និងតៀមកម្លាំង មធ្យោបាយ សម្ភារឱ្យតាមផែនការធានា ដើម្បីចេញបំពេញ បេសកកម្មតាមបទបញ្ជាបានទាន់ពេលវេលា និងទទួលជោគជ័យ ជាពិសេសការត្រៀមសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយសាររយៈពេលប៉ន្មានថ្ងៃចុងក្រោយនេះភ្លៀងបន្តធ្លាក់ជាប្រចាំ ដោយខេត្តបន្ទាយមានជ័យ ដែលតែងតែរងគ្រោះជារាងរាល់ឆ្នាំ។
ការណែនាំបែបនេះរបស់ឧត្តមសេនីយ៍ត្រី សឹង្ហទុំ បានធ្វើឡើងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសលោកបានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែកក្កដា ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅ ឣនុវត្តបន្ត ខែសីហា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពចូលរួមមាន លោកមេបញ្ជាការរង កងពល នាយសេនាធិការ នាយសេនាធិការរង ការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពលទាំង៧ និងវរសេនាតូចថ្មើរជើងទាំង៤។
នាឱកាសនោះ មេបញ្ជាការ បានថ្លែងថា កងទ័ពគ្រប់កងឯកភាពត្រូវបន្តយកចិត្តទុកដាក់ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ធានាបំពេញបន្ថែមដល់ការហូបប្រចាំថ្ងៃរបស់កងទ័ព រួមទាំងជួយផ្គត់ផ្គង់ដល់កម្លាំងជួរមុខ និងចែករំលែកដល់គ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានកោតសរសើរដល់គ្រប់បណ្តាអង្គភាពខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន នូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានប្រគល់លិខិតសរសើរ និងរង្វាន់អម ដល់យោធិនដែលមានស្នាដៃល្អប្រចាំខែកក្កដា ផងដែរ៕