(ភ្នំពេញ)៖ លោក ឈាង វុន អ្នកនាំពាក្យក្រុមតំណាងរាស្រ្តមតិភាគច្រើននៅក្នុងរដ្ឋសភា បានលើកឡើងថា រដ្ឋសភា ក៏ដូចជាសម្តេចប្រធានរដ្ឋសភា នឹងមិនអាចការពារតំណាងរាស្រ្តណា ដែលមិនគោរពច្បាប់នោះទេ។ លោកស្នើឱ្យសមាជិកសភា របស់គណបក្សសង្រ្គោះជាតិ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ លក្ខ័ន្តិកៈស្តីពីតំណាងរាស្រ្ត។
លោក ឈាង វុន បានថ្លែងថា «មាត្រា៥ នៃច្បាប់ស្តីពីលក្ខន្តិកៈរបស់តំណាងរាស្រ្ត បានចែងច្បាស់តែម្តង គឺតំណាងរាស្រ្ត មិនអាចយកអភ័យឯកសិទ្ធិសភារបស់ខ្លួន ទៅរំលោភបំពាន ផ្តេសផ្តាសបានទេ ជាពិសេសគឺរំលោភច្បាប់»។
នៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែឧសភានេះ ក្រុមសមាជិកសមាជិកាសភាគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសុំឲ្យរដ្ឋសភា ជួយការពារអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្ត និងការពារតម្លៃរបស់ស្ថាប័ននីតិប្បញ្ញតិ្ត។ នៅក្នុងសេចក្តីថ្លែងការណ៍ បានឲ្យស្នើឲ្យរដ្ឋសភាមិនត្រូវអនុញ្ញាតឲ្យមានការចោទប្រកាន់ ឬចាប់ខ្លួន លោក កឹម សុខា ដោយពាក់ព័ន្ធ ការមិនបានចូលបំភ្លឺនៅតុលាការ។ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ស្នើឲ្យរដ្ឋសភាពិចារណាលើករណីនេះ។
តាមការអះអាងរបស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋសភា បានបញ្ជាក់ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា ទទួលបានសេចក្តីថ្លែងការណ៍របស់ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិហើយ ដោយនឹងដាក់ជូន ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍ នៅថ្ងៃស្អែក ហើយសម្រេចយ៉ាងណានោះ លោកនៅមិនទាន់ដឹងនោះទេ អាស្រ័យលើកិច្ចប្រជុំ។
លោក ឡេង ប៉េងឡុង មិនបានបកស្រាយអ្វីច្រើនទេ ដោយគ្រាន់តែថា រដ្ឋសភាអាចធ្វើអ្វីបានក្នុងលក្ខខណ្ឌដែលច្បាប់បានកំណត់ប៉ុណ្ណោះ ហើយការសម្រេចយ៉ាងណានោះ អាស្រ័យលើកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃស្អែក៕