(សៀមរាប)៖ សម្រាប់ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍បែបវប្បធម៌ និងមានប្រជាជនជាង១លាននាក់ ត្រូវបានវាយតម្លៃថា នៅក្នុងមួយថ្ងៃៗបង្កើតឱ្យមានសំរាមជិត៦០០តោន ដោយក្នុងនោះមានសំរាមដែលអាចកែច្នៃឡើងវិញមានជាង១០០តោន ខណៈអាជ្ញាធរខេត្ត រួមនឹងមន្ទីរនៃក្រសួងពាក់ព័ន្ធ កំពុងប្រឹងប្រែងគ្រប់គ្រងបញ្ហាសំរាមនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
ជុំវិញករណីនេះ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្រាប់នៅខេត្តសៀមរាប មានក្រុមហ៊ុនប្រមូលសំរាមចំនួន៥ ដែលកំពុងធ្វើសកម្មភាពប្រមូលសំរាមនៅក្នុងខេត្ត។ សម្រាប់ខេត្តសៀមរាប គឺរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានផ្តល់នូវបច្ចេកទេស ព្រមទាំងការបណ្តុះបណ្តាលសមត្ថភាពផ្សេងៗដល់មន្ត្រីបរិស្ថាន ជាពិសេសបានផ្តល់ឡដុតសំរាមចំនួន ៤ទីតាំង រួមមាន៖ នៅលើឃុំខ្នងភ្នំ ស្រុកស្វាយលើ, ស្រុកសូនិគម, ស្រុកស្វាយលើ និងស្រុកក្រឡាញ់ ខណៈឡនីមួយៗមានសមត្ថភាពដុតសំរាមចាប់ពី២ ទៅដល់១២តោន។
ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប បានឱ្យដឹងថា៖ «បច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងខេត្តមានជាង១លាននាក់ ក្នុងនោះមានបរិមាណសំណល់រឹងដែលគិតជាស្តង់ដារមនុស្សម្នាក់អាចប្រើប្រាស់សំរាមចន្លោះពី ៩ខាំ ទៅ ១គីឡូ ២ខាំ ក្នុងទីប្រជុំជន។ ចំណែកនៅក្រៅទីប្រជុំជនឆ្ងាយៗ ចំនួនកំណត់ស្តងដារក្នុងម្នាក់អាចប្រើប្រាស់ ៣ខាំ។ ដូច្នេះ បើគិតជារួមសំរាមមានជិត៦០០តោន ក្នុង១ថ្ងៃ ដោយឡែកសម្រាប់ដែលអាចកែច្នៃបានមានជាង១០០តោន ហើយសំរាមដែលបោះបង់ចោលមានជាង២០០តោន នៅតាមទីសាធារណៈ ឬដីទំនេរ»។
ជាមួយនឹងកិច្ចការថែរក្សាអនាម័យបរិស្ថាននោះ, លោក ស៊ុន គង់ បានបន្ថែមថា បច្ចុប្បន្ននេះ សម្រាប់ខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងក្រសួងបរិស្ថាន ជាសេនាធិការ បានសហការជាមួយធនាគារពិភពលោក បានចុះសិក្សាទីតាំង និងផលប៉ះពាល់ផ្សេងៗ ក៏បានជ្រើសរើសទីតាំងសម្រាប់ចាក់សំរាមនៅជិតក្រុមហ្គាយអ៊ែរ ដែលជាទីតាំងមិនបង្កផលប៉ះពាល់ដល់ទឹកក្រោមដី ជាពិសេសមិនបង្កការប៉ះពាល់នៅពេលរដូវវស្សាដែលមានទឹកច្រើនជាដើម។
«ក្រសួងពាក់ព័ន្ធ និងធនគារពិភពលោក កំពុងតែសិក្សាបន្តដើម្បីរៀបចំទីលានទុកដាក់សំរាម ប្រកបដោយអនាម័យ និងបរិស្ថានស្អាត ខណៈទីតាំងថ្មីនេះ គឺគ្រោងនឹងពង្រីកនៅលើទីតាំងចាស់ ដែលស្ថិតនៅឃុំត្រពាំងធំ ស្រុកបាគង»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ស៊ុន គង់។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងចង់ឱ្យប្រជាពលរដ្ឋដែលមានដែលការយល់ដឹងផ្នែកបរិស្ថានតិច មកយល់ដឹងច្រើន និងប្រែក្លាយពីការយល់ដឹងមកចូលរួមធ្វើសកម្មភាពលើផ្នែកបរិស្ថានទាំងអស់គ្នា។
លោក នេត្រ ភក្ត្រា បានបន្តថា សម្រាប់ក្រសួងបរិស្ថាន គឺបានរៀបចំគោលនយោបាយរួមលើការគ្រប់សំណល់រឹង នៅតាមទីប្រជុំជន ដូច្នេះ មានន័យថាគ្រប់ទីប្រជុំជនទាំងអស់ ត្រូវតែមានទីលានសម្រាប់ចាក់សំរាម ហើយគ្រប់ទីលានទាំងអស់ត្រូវតែមានការញែកសំរាមទៅតាមប្រភេទនីមួយៗ។
ក្នុងនាមក្រសួងបរិស្ថាន, លោក នេត្រ ភក្ត្រា ក៏បានក្រើនរំឮកបន្ថែមដល់អាជ្ញាធរថ្នាក់ក្រោមជាតិ បង្កើនកិច្ចសហការជាមួយក្រុមហ៊ុនប្រមូលសំរាម ដើម្បីបង្កើនសកម្មភាពប្រមូលសំរាមនៅតាមទៅតាំងនានា ឱ្យបានស្អាត ជាពិសេសត្រូវកំណត់ពេលវេលាប្រមូលសំរាមឱ្យបានច្បាស់លាស់ ដែលជាផ្នែកមួយធ្វើឱ្យការរៀបចំទុកដាក់សំរាមកាន់តែមានគុណភាពបន្ថែមទៀត។
ដោយឡែកសម្រាប់ខេត្តសៀមរាប មានអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានធ្វើសកម្មភាពលើការងាអនាម័យបរិស្ថាន ដោយក្នុងនោះ មានអង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) បានអនុវត្តគម្រោងមួយមានឈ្មោះថា «គម្រោងទឹកស្អាត និងអនាម័យ (Project W) ដែលមានគោលដៅចម្បងក្នុងការលើកកម្ពស់សុខភាព ការសិក្សា និងអនាម័យឱ្យមានភាពល្អប្រសើរនៅតាមសាលារៀនសាធារណៈ ព្រមទាំងជំរុញការចូលរួមថែរក្សាបរិស្ថាន និងការកាត់បន្ថយការបំពុលដោយសំណល់ប្លាស្ទិកដោយផ្ដើមចេញពីគ្រឹះសា្ថនអប់រំ តាមរយៈការផ្តល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាត ឡដុតសំរាម និងបង្គន់អនាម័យ។
គម្រោង (Project R) បានបង្កើតឡើងនៅចុងឆ្នាំ២០១៩ ដែលមានគោលបំណងក្នុងការផ្ដល់ឱ្យនូវដំណោះស្រាយចំពោះបញ្ហាប្លាស្ទិក តាមរយៈបដិសេធកាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃប្លាស្ទិក ក្រោមការចុះអនុស្សារណយោគយល់គាំទ្រ រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន។
ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ គម្រោងមិនត្រឹមតែបានលើកកម្ពស់ការយល់ដឹងនៃបញ្ហាប្លាស្ទិកប៉ុណ្ណោះទេ តែបានផ្ដល់នូវកាបូបរិស្ថាន ដល់សិស្សចំនួន១៥,០០០កាបូប ធុងសម្រាមចំនួន៣១ និងសៀវភៅការអប់រំស្ដីពីប្លាស្ទិក សម្រាប់អ្នកដឹកនាំពេលអនាគត ចំនួន១៥០ក្បាល សម្រាប់បម្រើការអាន ក្នុងបណ្ណាល័យនៃសាលាដែលគម្រោងបានកំពុងអនុវត្ដបេសកកម្មរបស់ខ្លួន។
គួរជម្រាបថា ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ ៤លានតោន ក្នុងនោះ៦៥% ជាសំណល់សិរីរាង្គ ប្រមាណ២០% ជាសំណល់ប្លាស្ទិក នៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។ ក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ ៥១% ប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតចោលជាដើម៕