(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមន្ត្រីក្រសួងបរិស្ថាន ចំនួន ៤៨នាក់ បានបញ្ចប់ការបណ្តុះបណ្តាលពីសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសារធារណៈ សម្រាប់ឆ្នាំ២០២១ ដែលក្នុងនោះមានមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ ជំនាន់៣ ចំនួន ២៣នាក់ និងមន្ត្រីមធ្យមថ្នាក់ក្រោមជាតិ ជំនាន់៥ ចំនួន ២៥នាក់។ វគ្គបណ្តុះបណ្តាល បានចាប់ផ្តើមកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ និងបានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ មន្ត្រីក្រសួងបរិស្ថានទាំង ៤៨នាក់ ត្រូវបានសាលាភូមិន្ទរដ្ឋបាល និងក្រសួងបរិស្ថាន រៀបចំពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ខណៈមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ ជំនាន់៤ នៃក្រសួងបរិស្ថាន ចំនួន ២៤រូបទៀត ត្រូវបានបើកវគ្គបណ្តុះបណ្តាល សម្រាប់ឆ្នាំ២០២២ផងដែរ ឆាប់ៗខាងមុខនេះ។ ពិធីទាំង២ ប្រព្រឹត្តទៅដំណាលគ្នា ក្រោមអធិបតីភាពលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួង មុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងរដ្ឋមន្ត្រី ព្រុំ សុខា និងលោក សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងរដ្ឋមន្ត្រី សាយ សំអាល់។
ក្នុងរបាយការណ៍ស្វាគមន៍ លោក ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាប្រធានគណៈកម្មការបណ្តុះបណ្តាលមន្ត្រីរាជការនៃក្រសួងបរិស្ថាន បានលើកឡើងថា បន្ទាប់ពីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថាន នាឆ្នាំ២០១៤ សាលាភូមិន្ទរដ្ឋបាល បានរៀបចំការបណ្តុះបណ្តាល មន្ត្រីរាជការក្រសួងបរិស្ថាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំនួន ១១វគ្គ ដែលមានសិក្ខាកាមសរុប ចំនួន ៣៨៥នាក់ (ស្រី ១០៧នាក់)។
លោក យក់ ប៊ុនណា បានថ្លែងដែរថា ការបណ្តុះបណ្តាលមន្ត្រីរាជការនៃក្រសួងបរិស្ថាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ លើមុខជំនាញរដ្ឋបាលទូទៅ ហិរញ្ញវត្ថុសាធារណៈ និងមុខជំនាញផ្សេងទៀតតាមតម្រូវការចាំបាច់ គឺឈរលើគោលដៅជាសារវន្តនៃកំណទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាផ្នែកដ៏សំខាន់នអភិបាលកិច្ចល្អ ដែលជាឆ្អឹងខ្នងនៃកំណែទម្រង់រដ្ឋស៉ីជម្រៅ ដោយផ្អែកលើផែនការយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៃកម្ពុជា។
«ដើម្បីធានាបានថារាល់កិច្ចការសាធារណៈ ត្រូវបានប្រតិបត្តិដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព និងអាចព្យាករណ៍បាន គ្រប់ក្រសួង-ស្ថាប័ន បានដាក់ចេញនូវយន្តការសំខាន់ៗជាច្រើន ដោយត្រូវប្រកាន់ខ្ជាប់នូវការគិតគូរផលប្រយោជន៍សាធារណៈជាធំ»។ នេះបើតាមលោក យក់ ប៊ុនណា។
ទាំងលោក យក់ ប៊ុនណា និងលោក សុខ គាង បានសម្តែងមោទនភាព និងអបអរសាទរចំពោះមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ ជំនាន់៣ ចំនួន ២៣នាក់ និងមន្ត្រីមធ្យមថ្នាក់ក្រោមជាតិ ជំនាន់៥ ចំនួន ២៥នាក់ ដែលបញ្ចប់ការបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាល។ រដ្ឋលេខាធិការទាំង២ ក៏បានផ្តាំដល់មន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ ជំនាន់៤ នៃក្រសួងបរិស្ថាន ចំនួន ២៤រូបទៀត ដែលត្រូវទទួលការបណ្តុះបណ្តាលខាងមុខ ត្រៀមខ្លួនក្រេបយកចំណេះដឹងផងដែរ៕