(ភ្នំពេញ)៖ លោក អ៉ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានរ៉ែ របស់ក្រសួងរ៉ែ និងថាមពល បានទទួលស្គាល់ថា ការអាជីវកម្មបូមខ្សាច់អាចបណ្ដាលឲ្យបាក់ច្រាំងទន្លេ ប្រសិនបើការបូមនោះមិនអនុវត្តឲ្យបានត្រឹមត្រូវ បានបទដ្ឋានបច្ចេកទេស ឬដែនអាជ្ញាប័ណ្ណដែលម្ចាស់អាជីវកម្ម ទទួលបានពីក្រសួង។
ក្នុងសន្និសីទសារព័ត៌មាន «សមិទ្ធផលរយៈពេល៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ លោក អ៉ឺង ឌីប៉ូឡា បានអះអាងថា ផ្ទុយពីករណីខាងលើ ប្រសិនបើម្ចាស់អាជីវកម្មអនុវត្តតាមត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស មិនបណ្ដាលឲ្យបាក់ច្រាំងទន្លេនោះទេ ហើយថែមទាំងជួយសម្រួលដល់ផ្លូវនាវាចរ ថែមទៀតផង។
មន្ដ្រីជំនាញរូបនេះ បានពន្យល់ទៀតថា ក្រៅពីការជួយសម្រួលដល់ផ្លូវនាវាចរ ការបូមខ្សាច់បានត្រឹមត្រូវ ជួយការពារដល់ការបាក់ច្រាំងទន្លេថែមទៀតផង។ ឆ្លើយតបចំពោះការព្រួយបារម្ភ របស់ប្រជាពលរដ្ឋពាក់ព័ន្ធករណីនេះ លោកក៏បានគូសបញ្ជាក់ដែរថា មុននឹងចេញអាជ្ញាប័ណ្ណធ្វើអាជីវកម្មបូមខ្សាច់ ក្រសួងរ៉ែ និងថាមពល សិក្សាច្បាស់លាស់ណាស់ អំពីទីតាំងភូមិសាស្ដ្រដែលត្រូវធ្វើអាជីវកម្មនោះ។
លោក អ៉ឹង ឌីប៉ូឡា បានថ្លែងបែបនេះថា «មុននឹងចេញអាជ្ញាប័ណ្ណ យើងមិនត្រឹមតែមើលទៅលើសក្ដានុពលទេ យើងមើលការប៉ះពាល់ដល់សង្គម បរិស្ថាន ជាពិសេសសម្រួលដល់ផ្លូវនាវាចរ មិនត្រឹមតែផ្លូវនាវាចរទេ យើងបូមទៅដើម្បីកាត់បន្ថយនូវការបាក់ច្រាំង ប៉ុន្ដែបងប្អូនតែងតែលើកថា បូកបាក់ច្រាំង ខ្ញុំទទួលស្គាល់ថា បូមបាក់ច្រាំងប្រសិនបើបូមខ្សាច់នោះ មិនគោរពទៅតាមលក្ខខណ្ឌបច្ចេកទេស ដែនអាជ្ញាបណ្ណដែលក្រសួងបានកំណត់»។
បើតាមលោក អ៉ឹង ឌីប៉ូឡា អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែសំណង់ ដែលក្រសួងបានផ្ដល់ជូននោះ មាននៅដងទន្លេ តាមស្ទឹង ហើយប្រសិនបើគិតតួលេខបញ្ចូលគ្នាប្រហែល២,០០០ហិចតា ប៉ុន្ដែបើគិតផ្ទៃទន្លេមេគង្គដែលឆ្លងកាត់ប្រទេសកម្ពុជា ៥០០គីឡូម៉ែត្រ, ទន្លេបាសាក់ជិត១០០គីឡូម៉ែត្រ យើងគុណជាមួយទទឹងនោះឃើញថា អាជ្ញាបណ្ណអាជីវកម្មខ្សាច់នៅតាមដងទន្លេត្រឹម៣ភាគរយប៉ុណ្ណោះ។
ជាមួយគ្នានេះ ក្រសួងរ៉ែ និងថាមពល ស្វាគមន៍ចំពោះអ្នកសារព័ត៌មានទាំងអស់ ប្រសិនបើមានបំណង់ចង់ចុះមើលតំបន់ធ្វើអាជីវកម្មរ៉ែណាមួយ មិនថា រ៉ែខ្សាច់ ឬរ៉ែផ្សេងៗទៀតនោះទេ ក្រសួងផ្ដល់ឱកាសជានិច្ច ដើម្បីឲ្យពួកគាត់អស់មន្ទិលសង្ស័យក្នុងការធ្វើអាជីវកម្មរបស់អ្នកដែលទទួលអាជ្ញាប័ណ្ណ។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់លោក អ៉ឺង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានរ៉ែ។
បន្ថែមពីនេះ លោកក៏បានប្រកាសពីលេខ Hotline របស់អគ្គនាយកដ្ឋានធនធានរ៉ែ ដើម្បីឲ្យមហាជន ជួយផ្ដល់ព័ត៌មានភាពមិនប្រក្រតីអំពីវិស័យរ៉ែ នៅទូទាំងប្រទេសកម្ពុជា ដោយអាចទូរស័ព្ទទៅលេខ ០៩៥ ៧២៧ ៧២៧។
គួរជម្រាបថា ចំណូលដែលបានប្រមូលពីវិស័យរ៉ែ គឺជាមានការកើនឡើងជារៀងរាល់ឆ្នាំ ដោយក្នុងនោះ នៅឆ្នាំ២០២០ ប្រមូលចំណូលបានដល់ជាង២៥លានដុល្លារ បានចូលទៅក្នុងថវិកាជាតិ រីឯឆ្នាំ២០២១ ប្រមូលចំណូលបានជាង៣៥លានដុល្លារ និងរយៈពេល៦ខែ ឆ្នាំ២០២២ ប្រមូលបាន២០លានដុល្លារ។
ទោះបីជាមានវិបត្ដិសេដ្ឋកិច្ច នៅក្នុងសកលលោក តាមរយៈបញ្ហាផ្សេងៗក៏ដោយ ក៏ប៉ុន្ដែកម្ពុជានឹងខិតខំកៀរគរចំណូល មិនឲ្យធ្លាក់នោះទេ។ បច្ចុប្បន្ននេះ ក្រសួងរ៉ែ បានចេញអាជ្ញាប័ណ្ណអណ្ដូងរ៉ែ បើកការដ្ឋានវាយថ្ម សរុបលើទូទាំងផ្ទៃប្រទេស គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២២ មាន៤៧៨អាជ្ញាប័ណ្ណ រីឯអាជ្ញាប័ណ្ណឧស្សាហកម្មរ៉ែ មានចំនួន២១ ចំពោះអាជ្ញាប័ណ្ណស្វែងរុករក មានចំនួន៣៤៕