(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា ទទួលបានសេចក្តីថ្លែងការណ៍របស់ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិហើយ ដោយនឹងដាក់ជូន ក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្រៃ្តយ៍ នៅថ្ងៃស្អែក ហើយសម្រេចយ៉ាងណានោះ លោកនៅមិនទាន់ដឹងនោះទេ អាស្រ័យលើកិច្ចប្រជុំ នេះបើតាមការអះអាងរបស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋសភា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃអាទិត្យនេះ។

សេចក្តីថ្លែងការណ៍របស់ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង បានចេញនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ ដោយទាមទារឱ្យរដ្ឋសភា ការពារអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្ត និងការពារតម្លៃរបស់ស្ថាប័ននីតិប្បញ្ញតិ។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងស្របពេលដែល លោក កឹម សុខា ដែលមិនចូលបំភ្លឺ តាមការកោះហៅរបស់តុលាការក្នុងនាមជាសាក្សី ក្នុងរឿងសញ្ជារកម្មនោះ ចំនួន២លើក ដែលនាំឱ្យប្រឈមទៅនឹងបទល្មើសថ្មីមួយទៀត នៃក្រមព្រហ្មទណ្ឌ មាត្រា៥៣៨ ។

ទោះជាយ៉ាងណា លោក ឡេង ប៉េងឡុង មិនបានបកស្រាយអ្វីច្រើនទេ ដោយគ្រាន់តែថា រដ្ឋសភាអាចធ្វើអ្វីបានក្នុងលក្ខខណ្ឌដែលច្បាប់បានកំណត់ប៉ុណ្ណោះ ហើយការសម្រេចយ៉ាងណានោះ លោកនៅមិនទាន់ដឹងនោះទេ អាស្រ័យលើកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃស្អែក៕