(តាកែវ)៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចេញមកច្រានចោលទាំងស្រុងចំពោះការប្រឌិតព័ត៌មាន ចោទប្រកាន់មកលើថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ត ពាក់ព័ន្ធការយកប្រាក់ពីមន្ដ្រីរបស់ខ្លួន ជាថ្នូរនឹងការដាក់ឲ្យមានឈ្មោះក្នុងគោលដៅឈរជើងនៅតាមផ្លូវជាតិសំខាន់ៗ ក្នុងមូលដ្ឋានខេត្ត ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងផាកពិន័យចំពោះអ្នកដែលល្មើសច្បាប់ចរាចរណ៍។
ស្នងការដ្ឋាននគរបាលខេត្តតាកែវ តាមរយៈលិខិតបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានអះអាងថា ស្នងការដ្ឋាននគរបាលខេត្តតាកែវ មានផែនការងារសណ្តាប់ធ្នាប់ ជាសេនាធិការលើការងារជំនាញ បានរៀបចំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ជា៥គោលដៅ សហការជាមួយកម្លាំងអន្តរាគមន៍ របស់ស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ស្រុកគិរីវង់ ស្រុកបាទី ស្រុកព្រៃកប្បាស ស្រុកអង្គរបូរី និងក្រុងដូនកែវ។
ក្នុងនោះផ្លូវជាតិលេខ២ មាន០២ក្រុម ដោយក្រុមទី០១ នៅស្រុកគិរីវង់ និងក្រុមទី០២ ចល័តគោលដៅនៅភូមិសាស្ត្រស្រុកទ្រាំង ក្រុងដូនកែវ និងស្រុកសំរោង (ចែកជា២វេន) ផ្លូវជាតិលេខ៣ មាន០២ក្រុម ដោយក្រុមទី០១ប្រចាំការត្រួតពិនិត្យ នៅស្តុបផ្លូវបំបែកអង្គតាសោម (ចែកជា០២វេន) និងក្រុមទី០២ ចល័តគោលដៅនៅភូមិសាស្ត្រស្រុកត្រាំកក់ ស្រុកសំរោង ស្រុកបាទី(ចែកជា២វេន) និងមួយក្រុមទៀតចល័តគោលដៅលើផ្លូវជាតិលេខ៤១ ក្នុងភូមិសាស្ត្រស្រុកត្រាំកក់។
ក្រៅពីការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្រុមគោលដៅនីមួយៗ មានភារកិច្ចប្រចាំការត្រៀមបង្ការ និងអន្តរាគមន៍សង្គ្រោះជូនប្រជាពលរដ្ឋ ក៏ដូចជាត្រៀមសហការជាមួយ
កម្លាំងបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ដើម្បីបង្ក្រាបរាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុផងដែរ។
ចំពោះការប្រើប្រាស់កម្លាំងសហការ (កម្លាំងនិយ័តកម្ម) មានភារកិច្ចជួយសម្រួលដល់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ក្នុងការអនុវត្តច្បាប់ និងសម្រាប់អន្តរាគមន៍ក្នុងករណីមានការប្រើប្រាស់ហិង្សាផ្សេងៗ ឬការប្រឆាំងមកលើមន្ត្រីជំនាញក្នុងការអនុវត្តច្បាប់ តាមតម្រូវការជាក់ស្ដែង។
មួយវិញទៀត មន្ត្រីការិយាល័យចរាចរណ៍មួយចំនួន មានភារកិច្ចប្រចាំការនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងនៅផែនការងារសណ្តាប់ធ្នាប់ ដើម្បីធ្វើរបាយការណ៍ប្រចាំថ្ងៃ និងរៀបចំឯកសារ កសាងសំណុំរឿងទៅសាលាដំបូងខេត្ត ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ មិនអាចធ្វើការសម្រួលគ្នាបានក្រៅប្រព័ន្ធតុលាការ ដោយមិនបានអនុវត្តច្បាប់នោះទេ។
រីឯការលើកឡើងអំពីបញ្ហាមានការយកលុយពីមន្ត្រីនគរបាលចាប់ពី១០០០ដុល្លារដល់ ៣០០០ដុល្លារ ដើម្បីបានឈរជើងនៅតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមផ្លូវជាតិនានាក្នុងភូមិសាស្ត្រខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត បានរៀបចំក្រុមក្រុមការងារដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត សំដៅរកឲ្យឃើញនូវការពិត ព្រមទាំងមានវិធានការ ក៏ដូចជាអនុវត្តនូវវិន័យរបស់កងកម្លាំងនគរបាលជាតិ ក្នុងករណីរកឃើញនូវភាពមិនប្រក្រតីណាមួយ កុំឲ្យមានការយល់ច្រឡំ ពីសំណាក់ប្រជាពលរដ្ឋ មកលើមន្ដ្រីអនុវត្តច្បាប់។
ឆ្លៀតក្នុងឱកាសនេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាឲ្យបានខ្ជាប់ខ្ជួន ជៀសវាងការផាកពិន័យរបស់មន្ត្រីនគរបាលចរាចរណ៍ ធ្វើឲ្យមានការថ្នាំងថ្នាក់ជាមួយមន្ត្រីជំនាញ ខាតបង់ទាំងពេលវេលា ទ្រព្យសម្បត្តិ ព្រមទាំងជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតចេញពីការមិនគោរពច្បាប់នេះផងដែរ៕