(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានថ្លែងថា រាជរដ្ឋាភិបាល តាមរយៈក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា កំពុងពិនិត្យលទ្ធភាព ក្នុងការរក្សាលំនឹងថ្លៃអគ្គិសនីបច្ចុប្បន្ននេះឱ្យនៅថេរ បើទោះបីជាតម្លៃប្រេងឥន្ធនៈ និងធ្យូថ្មកំពុងឡើងថ្លៃ ព្រមទាំងពិនិត្យលទ្ធភាពបន្ថយថ្លៃអគ្គិសនីបន្ថែមទៀត នាពេលខាងមុខ បន្ទាប់ពីស្ថានភាពពិភពលោកធូរស្រាលឡើងវិញ។
លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ។
លោកបានបញ្ជាក់ថា ក្នុងពេលប្រេងឥន្ធនៈផូស៊ីលឡើងថ្លៃ បានធ្វើរដ្ឋរងការខាតបង់ ពីការផ្គត់ផ្គង់អគ្គិសនី តែយ៉ាងណារដ្ឋនឹងរកដំណោះស្រាយ ដើម្បីធ្វើយ៉ាងរក្សាលំនឹងថ្លៃអគ្គិសនី មិនឱ្យឡើងថ្លៃជាងបច្ចុប្បន្ននេះឡើយ ហើយរំពឹងថា នៅឆ្នាំ២០២៣ តម្លៃអគ្គិសនីនៅកម្ពុជា ក៏នឹងស្ថិតក្នុងតម្លៃដដែល។
បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលរូបនេះ តាំងពីឆ្នាំ២០២១មក រហូតដល់ឆ្នាំ២០២២នេះ ធ្យូងថ្មបានឡើងថ្លៃ៥ដង ពោលគឺពីតម្លៃ៧០ដុល្លារ មក៤០០ដុល្លារក្នុងមួយតោន។ តែយ៉ាងណាមិញ កម្ពុជាមិនសូវរងផលប៉ះពាល់ ពីវិបត្តិធ្យូងថ្មឡើងថ្លៃនោះទេ ដោយសារឆ្នាំនេះ អាកាសធាតុអំណោយផលភ្លៀងធ្លាក់ច្រើនតាំងពីដើមឆ្នាំ ធ្វើឱ្យការប្រើប្រាស់អគ្គិសនី នៅកម្ពុជាប្រមាណជាង៨០% គឺបានមកពីថាមពល វារីអគ្គិសនី។
លោកបានគូសបញ្ជាក់យ៉ាងដូចច្នេះថា «ឥលូវនេះយើងកំពុងធ្វើការក្នុងលក្ខណៈអន្តរស្ថាប័ន រួមមានក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា កំពុងពិភាក្សាគ្នាថា តើយើងត្រូវដោះស្រាយយ៉ាងម៉េច ប្រសិនបើយើងយកលទ្ធភាព ធ្វើការអភិវឌ្ឍន៍ទាំងប្រភពទាំងខ្សែបណ្តាញជញ្ជូន យកមកបន្សាបថ្លៃ តើយើងត្រូវពឹងពាក់អី? ឥលូវនេះយើងកំពុងតែរៀបចំពិភាក្សាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំហិរញ្ញប្បទានផ្សេងៗ ពីធនាគារអភិវឌ្ឍន៍ និងធនាគារផ្សេងៗ ដើម្បីមកអភិវឌ្ឍបំពេញបន្ថែម ធ្វើយ៉ាងម៉េចឱ្យល្បឿននៃការអភិវឌ្ឍន៍របស់យើងឱ្យរក្សាដដែល ក្នុងពេលដែលយើងដោះស្រាយបញ្ហាការខ្វះខាតនេះ។ ហើយសង្ឃឹមថា នៅឆ្នាំ២០២៣នេះ ថ្លៃអគ្គសនីនឹងនៅរក្សាដដែល ហើយយើងអាចរកផ្លូវចេញមួយរក្សាទាំងល្បឿននៃការអភិវឌ្ឍន៍ រក្សាទាំងការបន្សាបថ្លៃ [...] ប៉ុន្តែខ្ញុំនៅតែសង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពនឹងជួយយើង ដែលយើងអាចរក្សាថ្លៃបានផង»។
បច្ចុប្បន្ននេះ អគ្គិសនីដែលប្រើប្រាស់នៅកម្ពុជា មានមកពី៣ប្រភព គឺពីការផលិតពីធ្យូងថ្ម និងប្រេងឥន្ធនៈផូស៊ីល, ការផលិតអគ្គិសនីដោយថាមពលកកើតឡើងវិញ ក្នុងនោះមានវារីអគ្គិសនី ថាមពលជីវម៉ាស និងប្រភពនាំចូលថាមពលអគ្គិសនីពីថៃ វៀតណាម និងឡាវ រួមនឹងប្រភពអគ្គិសនីបំរុងផ្សេងៗមួយចំនួនទៀត។
លោកបន្តថា ក្រសួងរ៉ែ និងថាមពល បាននឹងកំពុងធ្វើការសិក្សាផែនមេឡើងវិញ ដើម្បីផ្លាស់ប្តូររបត់នៃផលិតកម្មរបស់កម្ពុជាឡើងវិញ គឺប្តូរពីការផលិតអគ្គិសនី ចេញពីប្រភពធ្យូងថ្ម និងឥន្ធនៈផូស៊ីល មកជាការផលិតថាមពលស្អាតវិញ ឱ្យបានកាន់តែច្រើន ដើម្បីស្របនឹងបរិបទថ្មី ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
លោកបានឱ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានខិតខំបន្ថយ និងអនុគ្រោះថ្លៃអគ្គិសនីជាបន្តបន្ទាប់ក្នុងនោះ៖
១៖ ថ្លៃទិញអគ្គិសនីពីទ្វារចរន្តតង់ស្យុងខ្ពស់ ត្រូវបានកាត់បន្ថយចំនួន ៥,៦៥% ពី០.១២៤០ដុល្លារក្នុងមួយគីឡូវ៉ាត់ មក ០.១១៧០ដុល្លារក្នុងមួយគីឡូវ៉ាត់
២៖ ថ្លៃទិញអគ្គិសនីពីទ្វារចរន្តតង់ស្យុងមធ្យម ត្រូវបានកាត់បន្ថយចំនួន ៤% ពី ០.១២៦០ ដុល្លារក្នុងមួយគីឡូវ៉ាត់ មក ០.១២១០ដុល្លារក្នុងមួយគីឡូវ៉ាត់
៣៖ ឧស្សាហកម្មនិងកសិកម្មដែលទិញពីខ្សែបណ្តាញតង់ស្យុងមធ្យម កាត់បន្ថយចំនួន១៧% ពី០.១៦៥០ដុល្លារក្នុងមួយគីឡូវ៉ាត់ មក០.១៣៧០ដុល្លារក្នុងមួយគីឡូវ៉ាត់
៤៖ ពាណិជ្ជកម្មនិងរដ្ឋបាល ដែលទិញពីខ្សែបណ្តាញតង់ស្យុងមធ្យម កាត់បន្ថយចំនួន ៤,២% ពី០.១៦៥០ដុល្លារក្នុងមួយគីឡូវ៉ាត់ មក ០.១៥៨០ដុល្លារក្នុងមួយគីឡូវ៉ាត់
៥៖ ឧស្សាហកម្មនិងកសិកម្មដែលទិញពីក្រោមត្រង់ស្វូចែកចាយ កាត់បន្ថយចំនួន ១៧% ពី ០.១៧១៩ដុល្លារក្នុងមួយគីឡូវ៉ាត់ មក ០.១៤២៤ដុល្លារក្នុងមួយគីឡូវ៉ាត់
៦៖ ពាណិជ្ជកម្មនិងរដ្ឋបាលដែលទិញពីក្រោមត្រង់ស្វូចែកចាយ កាត់បន្ថយចំនួន ៤,៤% ពី០.១៧១៩ដុល្លារក្នុងមួយគីឡូវ៉ាត់ មក ០.១៦៤៣ ដុល្លារក្នុងមួយគីឡូវ៉ាត់
៧៖ អ្នកប្រើប្រាស់ទូទៅដែលទិញ ពីខ្សែបណ្តាញចែកចាយតង់ស្យុងទាប កាត់បន្ថយចំនួន ៥,២% ពី ៧៧០ រៀល ក្នុងមួយគីឡូវ៉ាត់ មក ៧៣០រៀល ក្នុងមួយគីឡូវ៉ាត់
៨៖ បន្ថែមពីលើនោះរាជរដ្ឋាភិបាល ក៏បានធ្វើការអនុគ្រោះថ្លៃលក់អគ្គិសនី ឱ្យលំនៅដ្ឋានដែលប្រើប្រាស់ថាមពល មិនលើសពី១០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ ឱ្យបង់ថ្លៃ៣៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង លំនៅដ្ឋានដែលប្រើប្រាស់ពី ១១ ដល់ ៥០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ ឱ្យបង់ថ្លៃ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង និងលំនៅដ្ឋានដែលប្រើប្រាស់ពី ៥១ ដល់ ២០០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ ឱ្យបង់ថ្លៃ ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ សាលារៀន មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅជនបទឱ្យបង់ថ្លៃត្រឹមតែ ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ ដើម្បីរួមចំណែកលើកស្ទួយ ក្នុងវិស័យការងារ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការពង្រីកខ្សែបណ្តាញអគ្គិសនីដោយតម្លៃទាបជូនកម្មករ និយោជិត សិស្ស និស្សិត នៅតាមផ្ទះជួល បន្ទប់ជួលដោយគិតមកដល់ត្រឹមចុង ឆ្នាំ២០២២ បានចំនួន ៣៤៩ ៨៥៨បន្ទប់ជួល។
ក្នុងអាណត្តិទី៦នេះ ការអភិវឌ្ឍប្រភពអគ្គិសនីកន្លងមក បានធ្វើឱ្យទំហំប្រភពអគ្គិសនីសរុប ដែលបានអភិវឌ្ឍរួចកើនឡើងពី ២ ៦៥០មេហ្កាវ៉ាត់ នៅឆ្នាំ២០១៨ រហូតដល់ ៤ ២៤៦.៧៧មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២២ ដែលស្មើនឹងកំណើន ៦០% ធៀបទៅនឹងទំហំដែលមាននៅឆ្នាំ២០១៨។
លើមូលដ្ឋាននៃទំហំប្រភពអគ្គិសនី ដែលបានអភិវឌ្ឍខាងលើនេះ បរិមាណថាមពលអគ្គិសនី ដែលប្រព័ន្ធបណ្តាញជាតិទូទាំងប្រទេស បានទទួលបានកើនឡើងពី ៩ ៧៣៨.៧៨លានគីឡូវ៉ាត់ម៉ោង ក្នុងឆ្នាំ២០១៨ ដល់ ១៤ ១៣៣.៤២លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២២ ដែលស្មើនឹងកំណើន ៤៥% ធៀបទៅនឹងបរិមាណថាមពលដែលបានទទួលនៅឆ្នាំ២០១៨។ ក្នុងទំហំប្រភពអគ្គិសនីសរុប ដែលមាននៅឆ្នាំ២០២២នេះ មាន ៣ ១១៦.០២មេហ្កាវ៉ាត់ ស្មើនឹង ៧៣.៣៧% ជាប្រភពអគ្គិសនី ដែលបានអភិវឌ្ឍក្នុងស្រុក និងមាន ១ ១៣០.៧៥មេហ្កាវ៉ាត់ ស្មើនឹង ២៦.៦៣% ជាប្រភពអគ្គិសនីដែលបាននាំចូល ពីប្រទេសជិតខាង។
ការអភិវឌ្ឍប្រព័ន្ធបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ បានធ្វើឱ្យខ្សែបណ្តាញបញ្ជូនអគិ្គសនីតង់ស្យុងខ្ពស់កម្ពុជា កើនឡើងពី ២ ១៤១គីឡូម៉ែត្រ នៅឆ្នាំ២០១៨ រហូតដល់ ៣ ៤៨៥.៥១គីឡូម៉ែត្រ នៅចុងឆ្នាំ២០២២ និងធ្វើឱ្យចំនួនអនុស្ថានីយកើនឡើងពី ៣៣កន្លែង នៅឆ្នាំ២០១៨ រហូតដល់ ៦៣កន្លែង នៅចុងឆ្នាំ២០២២ ដែលធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនីរបស់បណ្តាញជាតិដែលនៅឆ្នាំ២០១៨ គ្របដណ្តប់ត្រឹមតែចំនួន ២០រាជធានី ខេត្តរហូតដល់ ២៥រាជធានី ខេត្ត នៅឆ្នាំ២០២២នេះ។ កំណើននៃប្រព័ន្ធបណ្តាញបញ្ជូនខាងលើនេះ បានធ្វើឱ្យមានស្ថិរភាព គុណភាព និងនិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៃប្រព័ន្ធបណ្តាញជាតិកាន់តែប្រសើរឡើងថែមទៀត៕