(ភ្នំពេញ)៖ លោក អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ ប្រកាសពីលេខ Hotline របស់អគ្គនាយកដ្ឋានធនធានរ៉ែ ដើម្បីឲ្យមហាជន ជួយផ្ដល់ព័ត៌មានភាពមិនប្រក្រតីអំពីវិស័យរ៉ែ នៅទូទាំងប្រទេសកម្ពុជា។
ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក អ៉ឹង ឌីប៊ូឡា អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល» នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ។
លោក អ៉ឹង ឌីប៊ូឡា បានថ្លែងថា «ខ្ញុំសូមប្រកាសលេខមួយ បងប្អូនអាចទាក់ទងលេខនេះ គឺ២៤ម៉ោងតែម្តង បើសិនជាមានការសង្ស័យ និងមានការឃើញនូវអំពើណាមួយ ដែលចាត់ទុកថា ជារ៉ែអនាធិបតេយ្យ នៅកន្លែងណាមួយ ឬរ៉ែស្របច្បាប់ ក៏ប៉ុន្តែគាត់ធ្វើដោយមិនគោរព ទៅតាមលក្ខខណ្ឌបទដ្ឋានបច្ចេកទេស ដែលក្រសួងបានកំណត់សូមទាក់ទងមកក្រសួងបាន គឺ ០៩៥ ៧២៧ ៧២៧»។
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានគូសបញ្ជាក់ថា ធនធានរ៉ែ គឺជាធនធានរបស់ទាំងអស់គ្នា ពុំមែនរបស់ក្រសួងរ៉ែ មិនមែនរបស់នរណាម្នាក់ទេ គឺធនធានរ៉ែរបស់ប្រជាជនខ្មែរទាំងមូល។
បន្ថែមពីនោះទៀត លោក អ៉ឹង ឌីប៊ូឡា បានឲ្យដឹងថា ចំណូលដែលបានប្រមូលពីវិស័យរ៉ែ គឺជាមានការកើនឡើងជារៀងរាល់ឆ្នាំ ដោយក្នុងនោះ នៅឆ្នាំ២០២០ ប្រមូលចំណូលបានដល់ជាង២៥លានដុល្លារ បានចូលទៅក្នុងថវិកាជាតិ រីឯឆ្នាំ២០២១ ប្រមូលចំណូលបានជាង៣៥លានដុល្លារ និងរយៈពេល៦ខែ ឆ្នាំ២០២២ ប្រមូលបាន២០លានដុល្លារ។
លោក អ៉ឹង ឌីប៊ូឡា បានលើកឡើងថា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែសង្ឃឹមថា ទោះបីជាមានវិបត្ដិសេដ្ឋកិច្ច នៅក្នុងសកលលោក តាមរយៈបញ្ហាផ្សេងៗក៏ដោយ ក៏ប៉ុន្ដែកម្ពុជានឹងខិតខំកៀរគរចំណូល មិនឲ្យធ្លាក់នោះទេ។
បើតាមលោក អ៉ឹង ឌីប៊ូឡា បច្ចុប្បន្ននេះ ក្រសួងរ៉ែ បានចេញអាជ្ញាប័ណ្ណអណ្ដូងរ៉ែ បើកការដ្ឋានវាយថ្ម សរុបលើទូទាំងផ្ទៃប្រទេស គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២២ មាន៤៧៨អាជ្ញាប័ណ្ណ រីឯអាជ្ញាប័ណ្ណឧស្សាហកម្មរ៉ែ មានចំនួន២១ ចំពោះអាជ្ញាប័ណ្ណស្វែងរុករក មានចំនួន៣៤៕