(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានថ្លែងអះអាងថា ករណីប្រេងឆៅរបស់កម្ពុជា ដែលត្រូវបានកប៉ាល់ផ្ទុកប្រេងជិត ៣០ម៉ឺនប៉ារែល បើករត់គេចនោះ នៅពេលនេះ កាន់តែកៀកខិតជិតដល់ការចុះកិច្ចព្រមព្រៀង បែងចែកផលប្រយោជន៍ ពីការលក់ប្រេងឆៅនោះហើយ អាចធ្វើឡើងក្នុងខែកញ្ញាខាងមុខនេះ ហើយតាមការវាយតម្លៃផលល្អនៃការកើនឡើងនៃតម្លៃប្រេងអន្តរជាតិ នោះចំណូលអាចនឹងទទួលបានខ្ទង់ ២០លានដុល្លារអាមេរិក។
លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះថា ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការចរចាយ៉ាងសកម្មជាមួយភាគីម្ចាស់កប៉ាល់ MT Strovolos ដែលផ្ទុកប្រេង និងម្ចាស់បំណុលធំរបស់ក្រុមហ៊ុន KrisEnergy ដោយទទួលបានលទ្ធផលល្អ ដែលក្រសួងនឹងឆ្លងគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីអាចឈានទៅបញ្ចប់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ប្រេងឆៅក្នុងកប៉ាល់ជិត៣០ម៉ឺននោះក្នុងពេលឆាប់ៗ អាចនៅក្នុងដំណាច់ខែកញ្ញា ឆ្នាំ២០២២។
ការបញ្ជាក់របស់លោក ម៉េង សក្តិធារ៉ា ធ្វើឡើយក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
មន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់យ៉ាងដូច្នេះថា «ក្រៅពីវិធានការច្បាប់ ដែលយើងបានអនុវត្តន៍កន្លងមក យើងបានចរចាឡើងវិញ អំពីការបែងចែកផលប្រយោជន៍ គឺប្រេងជិង៣០ម៉ឺនបារ៉ែលនោះ ត្រូវបានចែងចែកឲ្យម្ចាស់បំណុល [ម្ចាស់បំណុលក្រុមហ៊ុន KrisEnergy] ខ្លះ ត្រូវបែងចែកឲ្យម្ចាស់កប៉ាល់ខ្លះ ដើម្បីទូទាត់ថ្លៃកប៉ាល់ដែលគេបានជួល ហើយដល់ប៉ុន្មានមកឲ្យយើង។ ការចរចានេះជាការតស៊ូវែងឆ្ងាយ ដើម្បីធ្វើយ៉ាងណាឲ្យយើងទទួលបានផលប្រយោជន៍ច្រើន។ លទ្ធផលនៃការចរចានេះ យើងនឹងរាយការណ៍ជូនសម្តេចតេជោ ដើម្បីស្នើសុំការឯកភាព ប៉ុន្តែយើងទាមទារបានជារួម គឺ៧០ភាគរយនៃប្រេងទាំងអស់ ហើយ២៦ភាគរយ សម្រាប់ទូទាត់ទៅឲ្យថ្លៃកប៉ាល់ និង៤ភាគរយសម្រាប់ម្ចាស់បំណុលក្រុមហ៊ុន KrisEnergy ដែលក្ស័យធនទៅហើយនោះ។ តាមរយៈលទ្ធផលនេះ បើយើងប្រៀបធៀបទៅនឹងអ្វីដែលយើងគួរបានពីមុនយើងឃើញថា បានច្រើនជាងមុន ហើយ៧០ភាគរយនេះ យើងបូកបន្ថែមជាមួយប្រាក់តម្កល់ ៥លានដុល្លាររបស់ក្រុមហ៊ុន KrisEnergy ថែមទៀត»។
លោកបន្ថែមថា «ថ្លៃប្រេងបច្ចុប្បន្នេះ បានកើនឡើងពី៥០ដុល្លារក្នុង១បារ៉ែល មកដល់ជិត១០០ដុល្លារក្នុង១បារ៉ែល ដោយតម្លៃប្រេងឡើងច្រើន ដូច្នេះយើងគុណទៅក៏យើងឃើញបានលុយច្រើនដែរ។ យើងត្រូវការពេលវេលាបន្ថែម ដើម្បីធ្វើកិច្ចព្រមព្រៀងលម្អិតចុងក្រោយ បើអត់មានបញ្ហាអីកើតឡើងទៀត យើងរំពឹងថានឹងអាចលក់ប្រេង ដើម្បីយកផលចូលថវិកាជាតិរបស់យើង នៅដំណាច់ខែកញ្ញាខាងមុខនេះ»។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នកប៉ាល់ដឹកប្រេងរបស់កម្ពុជា MT Strovolos កំពុងស្ថិតនៅប្រទេសថៃ បន្ទាប់ពីមការទាមទារជាបន្តបន្ទាប់។
សូមជម្រាបថា ដំណក់ប្រេងលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានប្រកាសបូមបានពីប្លុក A ដែនសមុទ្រកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី ទទួលបានសិទ្ធិបូមប្រេងរបស់កម្ពុជា ក្នុងប្លុក A នេះ។
ប៉ុន្តែជាអកុសលក្រុមហ៊ុនមេរបស់ក្រុមហ៊ុននេះ បានប្រកាសក្ស័យធន មិនអាចបន្តអាជីវកម្មរបស់ខ្លួនបាន។ មុនពេលប្រកាសខ្ស័យធុន ក្រុមហ៊ុន KrisEnergy បានជួលនាវា MT Strovolos ចតនៅតំបន់គម្រោងប្រេងកាតអប្សរា ក្នុងការបំពេញតួនាទីជានាវាផ្ទុក និងផ្ទេរប្រេងឆៅ។
ក្រុមនាវិកនៃនាវា MT Strovolos បានបើកនាវាចេញពីដែនទឹកកម្ពុជា ដោយគ្មានការជូនដំណឹង ឬការអនុញ្ញាតណាមួយ ពីអាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំយកទៅជាមួយនូវប្រេងឆៅរបស់កម្ពុជាចំនួន ២៩៥ ០០០បារ៉ែល។ ក្នុងនាមជាម្ចាស់នៃប្រេងឆៅ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការផ្សេងៗទៀត ដែលចាំបាច់ ដើម្បីទាមទារយកប្រេងឆៅទាំងនោះត្រឡប់មកកម្ពុជាវិញ៕