(ភ្នំពេញ)៖ មេដឹកនាំអាស៊ាន បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការលើកកម្ពស់ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការចែករំលែកដោយយុត្តិធម៌ និងសមធម៌នៃអត្ថប្រយោជន៍ ដែលកើតចេញពីការប្រើប្រាស់ធនធានហ្សេណេទិក។
ប្រមុខការទូតអាស៊ាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី០៣ សីហា ឆ្នាំ២០២២ បានបញ្ចាក់ថា កំពុងទន្ទឹងរង់ចាំការអនុម័តក្របខណ្ឌជីវៈចម្រុះពិភពលោកក្រោយឆ្នាំ២០២០ នៅក្នុងសន្និសីទលើកទី ១៥ នៃភាគីនៃអនុសញ្ញាស្តីពីភាពចម្រុះជីវសាស្រ្តនៅខែធ្នូ ឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ប្រមុខការទូតអាស៊ាន ក៏បានទទួលស្គាល់ពីសារៈសំខាន់នៃការលើកកម្ពស់ដំណោះស្រាយ ផ្អែកលើធម្មជាតិ ដើម្បីកាត់បន្ថយផលវិបាកដ៏អាក្រក់លើជីវៈចម្រុះ។ ជាមួយគ្នានេះ អាស៊ាន បានសន្យាខិតខំប្រឹងប្រែងស្តារឡើងវិញ ការបាត់បង់ និងការរិចរិលប្រព័ន្ធអេកូឡូស៊ី ក្រោយជំងឺរាតត្បាតកវ ជាពិសេស ការបន្តគាំទ្រការងាររបស់មជ្ឈមណ្ឌលអាស៊ាន សម្រាប់ជីវៈចម្រុះ (ACB) ក្នុងការជួយដល់រដ្ឋសមាជិកអាស៊ាន ក្នុងការបញ្ជ្រាបការអភិរក្សជីវៈចម្រុះទៅក្នុងវិស័យអភិវឌ្ឍន៍ផ្សេងៗ ការលើកកម្ពស់ដំណោះស្រាយផ្អែកលើធម្មជាតិ ដើម្បីបង្កើនភាពធន់របស់តំបន់ប្រឆាំងនឹងជំងឺសត្វ ការដោះស្រាយការប្រែប្រួលអាកាសធាតុ និងការសម្របសម្រួលរបស់អាស៊ាន ក្នុងរួមចំណែកដល់ក្របខ័ណ្ឌជីវៈចម្រុះពិភពលោកក្រោយឆ្នាំ២០២០។
ក្នុងនាមប្រទេសកម្ពុជា ជាសមាជិករបស់អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ រាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ចូលរួមចំណែកគ្រប់គ្រង និងអភិរក្សធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការចូលរួមជាមួយពិភពលោក ដើម្បីអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ។ គោលដៅជីវៈចម្រុះជាតិរបស់កម្ពុជា បានបង្កើតឡើង ស្របតាមយុទ្ធសាស្រ្តចតុកោណ យុទ្ធសាស្រ្តនិងផែនការយុទ្ធសាស្រ្តបរិស្ថានជាតិឆ្នាំ ២០១៦-២០២៣ និងផែនការយុទញធសាស្រ្តជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មចាតិឆ្នាំ២០១៧-២០៣១។
កិច្ចការស្នូលរបស់ក្រសួងបរិស្ថាន គឺអភិរក្សជីវចម្រុះប្រកបដោយចីរភាព ដែលរហូតមកទល់ពេលនេះកម្ពុជា មានទីតាំងអភិរក្សជីវៈចម្រុះ ជាតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ចំនួន ៧៦ទីតាំង ស្មើនឹង ៤១% នៃផ្ទដីប្រទេស ព្រមទាំងបានខិតខំចុះបញ្ជីដីធ្លី និងការបោះបង្គោលព្រំតំបន់ទាំងនោះ។ កន្លងមក ការបង្កើតបានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក៏ជាចំណែកមួយនៃការស្តារសេដ្ឋកិច្ចមូលដ្ឋានក៏ដូចជា ចូលរួមអភិរក្សជីវចម្រុះផងដែរ ដូចជា៖ ផ្កាអ័រគីដេ និងកេសរកូលព្រៃជាដើម។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានកំពុងរៀបចំឧទ្យានរបស់កម្ពុជា ទៅតាមបទដ្ឋានបច្ចេកទេសដែលមានកន្លែងសម្រាកសម្រាប់មនុស្ស និងជម្រកសម្រាប់សត្វព្រៃ និងការរៀបចំបន្ទប់ទឹកជាដើម ដើម្បីបង្កភាពងាយស្រួល និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ និងធានាបានភាពគង់វង្សដល់ការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅកម្ពុជា៕