(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅសាលប្រជុំអគាររដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោក-លោកស្រី ជាអភិបាលរងខេត្ត លោក-លោកស្រី អភិបាលក្រុងស្រុកតំណាងមន្ទីរពាក់ព័ន្ធនានា ជុំវិញខេត្តព្រមទាំងកងកម្លាំងទាំង៣ផងដែរ។
បន្ទាប់ពីតំណាងក្រុងស្រុកធ្វើរបាយការណ៍វឌ្ឍនភាពព្រមទាំងលើកពីបញ្ហាប្រឈមនៅក្នុងតំបន់មូលដ្ឋានរួចមក លោក ងួន រតនៈ បានមានមតិលើកឡើង និងជំរុញឲ្យរដ្ឋបាលក្រុងស្រុកទាំងអស់ ត្រូវតាមដានពិនិត្យឲ្យបានច្បាស់លាស់ នៅការប្រកបរបរកសិកម្មអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន ហើយត្រូវកំណត់ឲ្យបានច្បាស់នូវចំនួនទិន្នន័យខូចខាតស្រូវរដូវវស្សា របស់បងប្អូនប្រជាពលរដ្ឋ និងធ្វើរបាយការណ៍សរុបផ្ញើមករដ្ឋបាលខេត្ត ដើម្បីឲ្យរដ្ឋបាលខេត្តពិនិត្យ និងវាយតម្លៃរួមព្រមទាំងមានវិធានការ ឲ្យបានទាន់ពេលវេលាជួយដល់បងប្អូនប្រជាពលរដ្ឋ ពិសេសរដ្ឋបាលខេត្តត្រូវធ្វើផែនការបន្ទាប់ ជួយដល់ពួកគាត់នៅពេលដែលទឹកបានស្រកទៅវិញ។
បន្ថែមពីនេះទៀត លោកក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវតែធ្វើយុទ្ធនាការឃ្លាំមើលនូវបទល្មើសនេសាទខុសច្បាប់ នៅរដូវវស្សាដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់មច្ឆាជាតិឲ្យបានទាន់ពេលវេលា និងបង្ក្រាបឲ្យខានតែបាន ពិសេសទៀត ត្រូវបង្ក្រាបឲ្យបាននៅការទន្ទ្រានយកដីតំបន់៣ ធ្វើជាកម្មសិទ្ធ។
លើសពីនេះទៀត លោកបានសង្កត់ធ្ងន់ថា រាល់ការធ្វើសំណើស្នើសុំរបស់អាជ្ញាធរក្រុងស្រុក ក្នុងការកាត់ឆ្វៀលដីតំបន់៣ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការកាន់កាប់អាស្រ័យផលអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវតែមានលិខិតស្នើសុំ និងភ្ជាប់មកជាមួយនូវចំនួនគ្រួសារ ដែលជាតម្រូវការជាក់ស្ដែង ភ្ជាប់មកជាមួយដើម្បីងាយស្រួល ដល់ក្រុមការងាររដ្ឋបាលខេត្ត ក្នុងការស្នើសុំកាត់ឆ្វៀល ជូនដល់ពួកគាត់ពិសេស ដើម្បីឲ្យក្រុមការងារងាយស្រួលក្នុងការចុះត្រួត ពិនិត្យតាមដាន និងវាយតម្លៃជាក់ស្តែង នៅក្នុងតំបន់មូលដ្ឋានរាងរាងខ្លួនទាំងអស់នេះ សបញ្ជាក់ឃើញថា អ្វីដែលអាជ្ញាធរបានដាក់សំណើរមកពិតជាត្រឹមត្រូវ និងមានតម្លាភាពជៀសវាងការវាយប្រហារពីក្រុមជនអគតិមួយចំនួន មកលើអាជ្ញាធរមូលដ្ឋាននិងរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ចំពោះការកាត់ឆ្វៀលដីតំបន់៣នេះ ដូច្នេះហើយប្រសិនបើរដ្ឋបាលក្រុងស្រុកមិនមានលិខិតបទដ្ឋានត្រឹមត្រូវទៅតាមការណែនាំដល់រដ្ឋបាលខេត្តទេក្នុងនាមអភិបាលខេត្តមិនទទួលស្គាល់និងអនុញ្ញាតឱ្យបានឡើយ។
លោកបានដាស់តឿដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាទំនាស់ផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាដើម្បីកុំឲ្យពួកគាត់មានការថ្នាំងថ្នាក់អស់ទំនុកចិត្តលើដែនសមត្ថកិច្ច និងការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន៕