(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសួរសុខទុក្ខសិស្សនគរបាល វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ចំនួន១២៧នាក់។

មុនការចាប់ផ្តើម នៃកម្មវិធីសំណេះសំណាលជាមួយសិស្សនគរបាលសម្តេចក្រឡាហោម បានអញ្ជើញទស្សនាទិដ្ឋភាពទូទៅ នៃសាលានគរបាលជាតិភូមិភាគ២ ព្រមទាំងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ២,០៣០ម៉ែត្រ ប្រព័ន្ធលូ បង្ហូរទឹក ៥៥០ម៉ែត្រ ជាអំណោយរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អគារស្នាក់នៅចំនួន ២ខ្នង ប្រវែង១៣,៥០ ម៉ែត្រ x៤៥ម៉ែត្រ ជាអំណោយរបស់លោកអភិបាលខេត្តត្បូងឃ្មុំ និងអភិបាលខេត្តស្វាយរៀង។

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន បានថ្លែងស្វាគមន៍ និងរាយការណ៍សង្ខេបអំពីការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាល វឌ្ឍនភាព និងបញ្ហាប្រឈមមួយចំនួនរបស់សាលានគរបាលជាតិភូមិភាគ២។

សម្ដេចក្រឡាហោម បានលើកឡើងថា ក្រសួងមហាផ្ទៃបានធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំតាមរយៈការបណ្តុះបណ្តាល ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំង ប្រដាប់អាវុធរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានផ្ដោតសំខាន់ទៅលើការរធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាល។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិគឺជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញបច្ចេកទេស និងអាកប្បកិរិយាល្អ ក្នុងការរក្សាឱ្យបានរឹងមាំនូវខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ។

ជាមួយគ្នានោះដែរសម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះ លោកអភិបាលខេត្តកំពង់ចាម លោកអភិបាលខេត្តត្បូងឃ្មុំ និងលោកអភិបាលខេត្តស្វាយរៀង ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍសាលានគរបាលជាតិភូមិភាគ២ នៅពេលនេះផងដែរ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយដ្ឋានបណ្តុះបណ្តាលនិងសាលានគរបាលជាតិភូមិភាគ២ ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួល ខុសត្រូវ ព្រមទាំងគាំទ្រនូវកម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភា ដើម្បីកសាងវប្បធម៌គុណភាព៕