(បន្ទាយមានជ័យ)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា បញ្ហាសន្តិសុខមនុស្ស សន្តិសុខសង្គម មិនអាចបណ្តែតបណ្តោយឱ្យក្លាយជាភាពច្របូកច្របល់ ដោយផ្តេកផ្តួលទៅលើធនធានថវិកាបានទេ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់ប្រកបដោយឆន្ទៈមោះមុត ពង្រឹងកិច្ចការពារ ទប់ស្កាត់ការឆ្លៀតឱកាសលើការងារជួញដូរមនុស្សគ្រប់រូបភាព។
ការថ្លែងបែបនេះរបស់លោក ញ៉ឹក វណ្ណារ៉ា បានធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងករណីក្នុងការវិលត្រលប់ និងការធ្វើសមាហរណកម្ម» នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅថកធូ កាហ្វេ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
នាឱកាសនោះលោក ញ៉ឹក វណ្ណារ៉ា បានឱ្យដឹងថា ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ ពិភពលោកទាំងមូលពិតជាប្រឈមយ៉ាងខ្លាំងទៅនឹង ការដោះស្រាយបញ្ហាជាច្រើនដែលជាផលប៉ះពាល់សកល មានទាំងសង្គ្រាមសេដ្ឋកិច្ច របស់មហាអំណាចពិភពលោក ទាំងការរាតត្បាតជំងឺដ៏កាចសាហាវកូវីដ១៩ គ្រោះធម្មជាតិ ដែលសុទ្ធតែជាកត្តាជំរុញឱ្យសេដ្ឋកិច្ចពិភពលោក កាន់តែដុនដាប រួមទាំងសេដ្ឋកិច្ចមហាអំណាចខ្លួនឯងផង។
មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា ទន្ទឹមនឹងផលប៉ះពាល់នេះ ភាពក្រីក្រ បានគ្របដណ្តប់នៅទូទាំងសាកលលោក ដែលជាសញ្ញាមិនល្អសម្រាប់សុខុមាលភាព និងសុវត្ថិភាពរបស់មនុស្សដែលជាប្រជាជននៃប្រទេសនីមួយៗ រួមទាំងក្រុមជនទុច្ចរិតឆ្លៀតឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មលើមនុស្ស ដើម្បីកេងចំណេញពីស្ថានភាពប្រឈមរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិក្នុងគ្រាជួបការលំបាកនេះ។
បន្ថែមពីនេះលោក ញ៉ឹក វណ្ណារ៉ា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បានខំប្រឹងជម្នះឧបសគ្គទាំងឡាយ ដោយបានធ្វើការងារយ៉ាងសកម្មភាពព្រមៗគ្នា ដើម្បីដោះស្រាយភាព ប្រឈមតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលសកម្មភាពខ្លះ ត្រូវមានការខ្វះចន្លោះ ឆកល្វែង ឬមើលរំលង ដោយផ្អែកទៅលើការតម្រង់ទិសនៃបញ្ហាថ្មីៗ និងការកាត់បន្ថយចំណាយទៅលើសកម្មភាពដែលមិនចាំបាច់។
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «តែទោះបីជាយ៉ាងនេះក្តី បញ្ហាសន្តិសុខមនុស្ស សន្តិសុខសង្គម មិនអាចបណ្តែតបណ្តោយឲ្យក្លាយជាភាពច្របូកច្របល់ ដោយផ្តេកផ្តួលទៅលើ ធនធានថវិកាបានទេ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់ ប្រកបដោយឆន្ទៈមោះមុត ដើម្បីរក្សាស្ថេរភាពនៃសុវត្ថិភាពសង្គម និងពង្រឹងកិច្ចការពារ ទប់ស្កាត់ការឆ្លៀតឱកាសគ្រប់រូបភាព ទោះបីក្រសួងសម្រេចបានសមិទ្ធផល ជាច្រើនយ៉ាងណាក៏ដោយ ក៏កិច្ចការពារ និងការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយទេ ជាពិសេសការផ្តល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅមានកម្រិត»។
ជាមួយគ្នានេះលោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្ដីពី ការគ្រប់គ្រងករណីក្នុងការវិលត្រលប់ និងសមាហរណកម្ម ដែលមានរយៈពេលបីថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ដែលជាមន្ត្រីជួរមុខ រួមមាន៖ មន្ត្រីមន្ទីរសង្គមកិច្ចខេត្ត មន្រ្តីកិច្ចការនារី មន្រ្តីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីមជ្ឈមណ្ឌលការងារខេត្ត មន្ត្រី គ.ក.ន.ក មន្រ្តីសង្គមកិច្ចការិយាល័យថ្នាក់ស្រុក និងអង្គការដែលធ្វើការពាក់ព័ន្ធនឹងការងារជួយជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងការវិលត្រឡប់ និងសមាហរណកម្ម។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងជួយពង្រឹងការវាយតម្លៃឱ្យបានកាន់តែប្រសើរឡើងអំពីភាពងាយរងគ្រោះ ហានិភ័យ ស្ថានភាពគ្រួសារ និងជំនាញផ្សេងៗរបស់អ្នកវិលត្រឡប់ សំដៅបង្កើតកម្មវិធីសមាហរណកម្មប្រកបដោយនិរន្តរភាពដែលមានការគាំទ្រផ្នែកសេដ្ឋកិច្ច សង្គម ចិត្តសង្គម ព្រមទាំងលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីបម្រើឧត្តមប្រយោជន៍ជនរងគ្រោះ។
ដើម្បីរួមចំណែកដល់ការវិលត្រឡប់ប្រកបដោយនិរន្តរភាពនៃពលករទេសន្តរប្រវេសន៍ និងអ្នករស់រានមានជីវិតនៅក្នុងតំបន់គោលដៅ សូមលើកទឹកចិត្តស្នើដល់វាគ្មិនក្នុងវគ្គបណ្តុះបណ្តាល ក៏ដូចជាសិក្ខាកាមទាំងអស់ រួមចំណែកយ៉ាងសកម្មក្នុងការចែករំលែកចំណេះដឹង ផ្តល់បទពិសោធន៍គ្នាទៅវិញទៅមក រិះរកគ្រប់មធ្យោបាយដើម្បីជួយដល់ជនរងគ្រោះ និងការគ្រប់គ្រងករណីក្នុងការវិលត្រលប់ និងការធ្វើសមាហរណកម្ម សំដៅធានាបានការវិលត្រលប់ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជាទូទាំងប្រទេស៕