(ពិភពលោក)៖ Skytrax ជាភ្នាក់ងារប្រឹក្សាយោបល់ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ធ្វើការសិក្សាស្រាវជ្រាវ លើការហោះហើរ រួមទាំងវាយតម្លៃ និងផ្តល់ចំណាត់ថ្នាក់ ទៅលើក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន។ នៅឆ្នាំ២០១៦នេះ Skytrax បានចេញរបាយការណ៍ នៃការវាយតម្លៃមួយដោយចាត់ចំណាត់ថ្នាក់ឲ្យអាកាសយានដ្ឋានចំនួន១០ ដែលល្អជាងគេបំផុត «The World's Best Airport 2016» ដោយព្រលានយន្តហោះទាំងនោះ មានហេដ្ឋារចនាសម្ព័ន្ធល្អស្អាត និងទទួលបានអ្នកដំណើរបរទេសច្រើន។

ខាងក្រោមនេះ ជាព្រលានយន្តហោះ ដែលល្អជាងគេបំផុតប្រចាំឆ្នាំ២០១៦៖

1. SINGAPORE CHANGI AIRPORT

CHANGI AIRPORT ជាព្រលានយន្តហោះល្អបំផុតរបស់ពិភពលោក និងជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំជាងគេផងដែរ នៅតំបន់អាស៊ីអាគ្នេយ៍។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាអាកាសយានដ្ឋាន ដែលមមាញឹកជាងគេបំផុតរបស់ពិភពលោក ក្នុងការទទួលអ្នកដំណើរបរទេស និងចរាចរណ៍ទំនិញឆ្លងកាត់ផងដែរ។ អាកាសយាន្តដ្ឋាននេះ មានប្រវែង១៧.២គីឡូម៉ែត្រ និងមានទំហំ ១៣គីឡូម៉ែត្រការ៉េ។

CHANGI AIRPORT មានក្រុមហ៊ុនអាកាសចរណ៍ជាង១០០ក្រុមហ៊ុន ហោះហើរទៅកាន់ទីក្រុងប្រមាណ៣២០ ស្មើនឹង៨០ប្រទេសនៅជុំវិញពិភពលោក។ ក្នុង១សប្តាហ៍មានជើងហោះហើរ ប្រមាណ៦៨០០ជើង ឬប្រហែល៩០វិនាទីក្នុងមួយជើង។ ក្នុងឆ្នាំ២០១៥ កន្លងទៅអ្នកដំណើរ ៥៥.៤លាននាក់ បានឆ្លងកាត់ព្រលានយន្តហោះមួយនេះ។

2. INCHEON INTERNATIONAL AIRPORT

Incheon International Airport ជាព្រលានយន្តហោះដ៏ធំបំផុត របស់ប្រទេសកូរ៉េខាងត្បូង ហើយក៏ជាព្រលានយន្តហោះ ដែលមមាញឹកបំផុតរបស់ពិភពលោក។ នៅឆ្នាំ២០១៥ យន្តហោះឆ្លងកាត់ចំនួន២៧១,២២៤ជើង ទទួលអ្នកដំណើរអន្តរជាតិចំនួន៤៩.២៨លាននាក់ និងទំនិញឆ្លងកាត់ចំនួនជិត ២.៥លានតោន។

3. MUNICH AIRPORT

Munich Airport គឺជាព្រលានយន្តហោះដ៏មមាញឹកបំផុតទី២ ក្នុងប្រទេសអាល្លឺម៉ង់។ វាជាព្រលានយន្តហោះ ដែលភ្ជាប់ការហោះហើរ ទៅកាន់ទូទាំងពិភពលោកផងដែរ។ Munich Airport មានទំហំ ១៥.៦គីឡូម៉ែត្រការ៉េ។ ឆ្នាំ២០១៥ យន្តហោះឆ្លងកាត់ចំនួន ៣៧៦,៦៧៨ជើង ទទួលអ្នកដំណើរចំនួន ៤០.៩៨លាននាក់ និងទំនិញឆ្លងកាត់ចំនួនជាង ៣០ម៉ឺនតោន។

4. TOKYO INTERNATIONAL AIRPORT HANEDA

Haneda Airport ជាព្រលានយន្តហោះ ស្ថិតនៅទីក្រុងតូក្យូ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ជប៉ុន ពិសេសវិស័យទេសចរណ៍។ នៅឆ្នាំ២០១៥ ព្រលានយន្តហោះនេះទទួលបានអ្នកដំណើរ ៧៥.៣២លាននាក់។

5. HONG KONG INTERNATIONAL AIRPORT

អាកាសយានដ្ឋានអន្តរជាតិហុងកុង ប្រតិបត្តិការជាមួយ ក្រុមហ៊ុនអាកាសចរណ៍ជាង១០០ក្រុមហ៊ុន ហោះហើយទៅកាន់ទីក្រុងគោលដៅ ១៨០ ក្នុងនោះ៤៤គោលដៅក្នុងប្រទេសចិន។ ក្នុងឆ្នាំ២០១៥ ព្រលានយន្តហោះនេះ ទទួលបានអ្នកដំណើរចំនួន ៦៨.៥លាននាក់ ជាប់ចំណាត់ថ្នាក់ទី៨ ជាព្រលានយន្តហោះ ដែលមមាញឹកជាងគេបំផុត ក្នុងពិភពលោក។ ព្រលានយន្តហោះនេះ មានទំហំ១២៥៥ហិកតា។

6. CENTRAL JAPAN INTERNATIONAL AIRPORT

ជាព្រលានយន្តហោះ ដ៏សំខាន់មួយរបស់ប្រទេសជប៉ុន។ វាស្ថិតនៅលើកោះសិប្បនិម្មិត Ise Bay នៃក្រុង Tokoname City។ នៅឆ្នាំ២០១៥ ព្រលានយន្តហោះនេះ ទទួលបានអ្នកដំណើរចំនួន ១០.៤លាននាក់។

7. ZURICH AIRPORT

ជាព្រលានយន្តហោះ ដ៏ធំជាងគេរបស់ប្រទេស Switzerland និងជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិស្វីស។ វាលាតសន្ធឹងលើផ្ទៃដី ៦៥៥ហិកតា។ ឆ្នាំ២០១៥ អាកាសយានដ្ឋាននេះ ទទួលបានអ្នកដំណើរជាង ២៦លាននាក់។

8. LONDON HEATHROW AIRPORT

ជាព្រលានយន្តហោះ ដែលមមាញឹកបំផុតនៅចក្រភពអង់គ្លេស និងជាព្រលានយន្តដែលមមាញឹកបំផុត នៅសហភាពអឺរ៉ុបផងដែរ ជាមួយនឹងចរាចរណ៍របស់អ្នកដំណើរ ហេតុនេះហើយ​ទើបព្រលានយន្តហោះនេះ ក្លាយជាព្រលានយន្តហោះ ដែលមមាញឹករបស់ពិភពលោក ដែលមានអ្នកដំណើរអន្តរជាតិឆ្លងកាត់ច្រើន។ ឆ្នាំ២០១៥ កន្លងទៅនេះ អ្នកដំណើរជិត ៧៥លាននាក់​​ បានឆ្លងកាត់ព្រលានយន្តហោះនេះ។

9. KANSAI INTERNATIONAL AIRPORT

បើទោះបីជាទើបបើកដំណើរការនៅឆ្នាំ១៩៩៤ ប៉ុន្តែព្រលានយន្តហោះ​​ ដែលមានទីតាំងស្ថិតនៅលើកោះសិប្បនិម្មិត កណ្តាលក្រុង​នៃឆ្នេរសមុទ្រអូសាការ ក៏មានភាពមមាញឹកខ្លាំងមិនចាញ់ ព្រលានយន្តរបស់ជប៉ុនផ្សេងទៀតឡើយ។​ ឆ្នាំ២០១៥ អ្នកដំណើរជាង២៣លាននាក់ បានធ្វើដំណើរតាមអាកាសយានដ្ឋាននេះ។

10. HAMAD INTERNATIONAL AIRPORT DOHA

ជាព្រលានយន្តហោះអន្តរជាតិ ស្ថិតក្នុងទីក្រុងដូហា រដ្ឋធានីនៃប្រទេសកាតា ដែលមានស្ថានីយផ្ទុកអ្នកដំណើរ រហូតដល់៣០លាននាក់ជារៀងរាល់ឆ្នាំ។ ស្ថានីយ៍អ្នកដំណើរនេះ ត្រូវបានចាត់ទុកជាស្ថាបត្យកម្មដ៏ល្អ របស់ពិភពលោកផងដែរ។ ឆ្នាំ២០១៥ ព្រលានយន្តហោះនេះទទួលបានអ្នកដំណើរជាង ៣២លាននាក់៕