(ព្រៃវែង)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងបេតុង១ខ្សែ ប្រវែង១០,៦៧៩ គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) នៅបរិវេណវត្តពោធិមង្គល ហៅវត្តចំបក់ ភូមិពោធិរោង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
ផ្លូវនេះតភ្ជាប់ពីភូមិជីផុច ឃុំជីផុចទៅដល់ភូមិព្រហ៊ារ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
គម្រោងនេះ នឹងត្រូវអនុវត្តពីឆ្នាំ២០២១-២០២៣ មានថវិកាសរុបចំនួន៦៧លានដុល្លារអាមេរិក ក្នុងនោះថវិកាចំនួន៦០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និង ៧.៥ លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះ មានសមាសភាពចំនួនពីរគឺ៖
ទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដោយត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១៨៥ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៥០ គីឡូម៉ែត្រ ស្ថាបនាស្រះដីសហគមន៍ចំនួន ៧៥ស្រះ ស្ថាបនាស្រះសហគមន៍រៀបថ្ម ឬបេតុង ចំនួន ៧៥ ស្រះនៅក្នុងខេត្តគោលដៅចំនួន ៥ គឺ៖ ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្ត កោះកុង។
ទី២៖ អភិវឌ្ឍន៍ជំនាញនៅជនបទ និងផ្ដល់សេវាគាំទ្រដល់ អង្គភាពគ្រប់គ្រងគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕