(ភ្នំពេញ)៖ គណៈគ្រប់គ្រង និងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ ថ្នាក់ចេនឡា និងនគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ១៦១អង្គ/នាក់ ដឹកនាំដោយលោក ស៊ុង វិនទិ នាយករងនៃសាលាភូមិន្ទរដ្ឋបាល បានចូលរួមក្នុងកម្មវិធីអបអរសាទរ ទិវាអាស៊ាន លើកទី៥៥ នៅសាលសន្និសីទចតុម្មុខ នៅល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ រៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សិស្សសាលាភូមិន្ទរដ្ឋបាល បានបង្ហាញមោទនភាព និងក្តីសប្បាយរីករាយ ដែលបានចូលរួមកម្មវិធីដ៏ល្អមួយនេះ ដែលធ្វើឡើងក្នុងគោលបំណងចូលរួមអបអរសាទរ ក្នុងឱកាសកម្ពុជាជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ស្របពេលដែលវិស័យវប្បធម៌មានតួនាទីជារដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈអាស៊ាន (២០២១-២០២២) ក៏ដូចជាការលើកស្ទួយ Siem Reap-ASEAN City of Culture និងពេលថ្មីៗនេះ លេខាធិការដ្ឋានអាស៊ាន បានអនុម័តលើសេចក្តីថ្លែងការណ៍រួម Siem Reap Declaration ។
មូលហេតុដែលមានមោទនភាព និងក្តីសប្បាយរីករាយ ដោយសារពួកគាត់បានចូលរួម កម្មវិធីសំណួរចម្លើយចំណេះដឹងស្តីពីអាស៊ាន, មើលការសម្តែងទស្សនីយភាពរបាំអាស៊ាន, មើលការសម្តែងនិងប្រគុំជូនចម្រៀងអាស៊ាន និងទស្សនាពិព័រណ៍រូបថតសមិទ្ធផលក្នុងក្របខណ្ឌអាស៊ានផ្នែកវប្បធម៌និងសិល្បៈផងដែរ។
សូមជម្រាបថា ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា និងជាប្រធានប្តូរវេន រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកកិច្ចការវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ឆ្នាំ២០២០-២០២២ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងស្ថាប័នឧត្តមមន្រ្តីផ្នែកវប្បធម៌និងសិល្ប: អង្គទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូសន្ទនា មន្រ្តីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល ព្រមទាំងសិស្ស និងនិស្សិតជាច្រើននាក់ថែមទៀត។
ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ គឺថ្ងៃកំណើតរបស់អាស៊ាន ដែលមកដល់ពេលនេះមានអាយុ៥៥ឆ្នាំហើយ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក ត្រូវបានបង្កើតឡើងដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានក្លាយទៅជាអង្គការតំបន់មួយ ដែលមានប្រជាប្រិយភាព មានដៃគូសន្ទនាកាន់តែច្រើន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងលើពិភពលោកផងដែរ។
កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង២០១២ ខណៈឆ្នាំ២០២២នេះ គ្រោងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ៕