(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះថ្វាយបង្គំ សំណេះសំណាល សាកសួរសុខទុក្ខ ព្រះសង្ឃ គណ:កម្មាធិការវត្ត ដូនជី តាជី អញ្ជើញមកពីវត្តទាំង២៥ នៃស្រុកអូរាំងឪ ព្រមទំងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ហេង សំរិនចក និងមន្ត្រីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងស្រុក នៅវត្តជ្រួល ភូមិជ្រួល ឃំុចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ហើយក៏មានការប្រគល់អណ្តូងទឹក ជូនប្រជាពលរដ្ឋនៅទីនោះផងដែរ។
នៅក្នុងឱកាសនោះអ្នកតំណាងរាស្ត្របានទូលប្រគេន និងជម្រាបជូនលោកតា លោកយាយ លោកគ្រូ អ្នកគ្រូ អ្នកចូលរួមទាំងអស់ បានយល់ជ្រាបពីស្ថានភាពវិវត្តន៍រីកចម្រើនល្អប្រសើរ ទាំងនយោបាយ សេដ្ឋកិច្ចជាតិយើងទាំងមូល។
អ្នកតំណាងរាស្ត្ររូបនេះ ក៏សម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះព្រះចៅអធីការ គណ:កម្មាធិការ ពុទ្ធបរិស័ទ ជុំវិញវត្តជ្រួល ដែលបានរួមគ្នា កសាងបានបណ្ណាល័យ ស្អាតធំទូលាយ ដើម្បីជាប្រយោជន៍កូនខ្មែរតរៀងទៅ។
លោក ចាយ បូរិន បានអំពាវនាវជំរុញលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ មាតាបីតាសិស្ស ជួយណែនាំកូនចៅយកពេលទំនេរ មកអានសៀវភៅនៅទីនេះ ដើម្បីបង្កើន និងពង្រឹងសមត្ថភាពយល់ដឹង ប្រែខ្លួនក្លាយជាសរសរទ្រូងដ៏រឹងមាំ របស់ប្រទេសជាតិទៅអនាគត។
លោក ចាយ បូរិន ក៏បាននាំយកសៀវភៅអានចំនួន៩២មុខ សរុបចំនួន២៤១៤ ក្បាលទៅប្រគេន និងដំកល់ទុកជាប្រយោជន៍សាធារណ: ដែលក្នុងនោះដំកល់ទុកនៅក្នុងបណ្ណាល័យវត្តជ្រួលសៀវភៅអានចំនួន៩១ប្រភេទ សរុបចំនួន១៤១៤ក្បាល និងប្រគេនសៀវភៅក្រមង៉ុយ ដល់វត្តទាំង២៥ នៃស្រុកអូរាំងឪ ដែលមួយវត្តៗទទួលបានសៀវភៅ៤០ក្បាល ជូនវិទ្យាល័យ ហេង សំរិន ចក២៥ក្បាល និងវិទ្យាល័យអូរាំងឪ ២៥ក្បាល។
បន្ថែមពីលើនេះ ឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការចាំបាច់របស់សហគមន៍ អ្នកតំណាងរាស្ត្រក៏បានប្រគេន ផ្តល់អណ្តូងទឹកស្អាតដល់ព្រះសង្ឃ និងប្រជាជនភូមិជ្រួលមួយផងដែរ៕