(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងថា ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ត្រូវបានចេញសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ និងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ គឺរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គណៈកម្មការរដ្ឋបាល នឹងប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានកំណត់ជាតំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២តទៅ។
សេចក្តីជម្រាបជូនខាងលើ បានប្រាប់សាធារណជនព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័នដែលមានការពាក់ព័ន្ទនឹងក្បាលដីស្ថិតនៅក្នុងតំបន់ខាងលើ ចូលចុះបញ្ជីដីក្នុងតំបន់ធ្វើការវិនិច្ឆ័យឲ្យបានគ្រប់ៗគ្នា។ គណៈកម្មការរដ្ឋបាលន នឹងធ្វើការពន្យល់ណែនាំ ស្តីពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធច្បាប់ភូមិបាល និងឆ្លើយរាល់សំនួរទាក់ទងនិងដំណើរការចុះបញ្ជីដីធ្លី។
រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា សាធារណជនដែលជាអ្នកកាន់កាប់ដីជាក់ស្តែង ព្រមទាំងគ្រប់មន្ទីរ អង្គភាព គ្រប់ស្ថាប័ន ដែលពាក់ព័ន្ធនឹងក្បាលដីស្ថិតនៅក្នុងតំបន់វិនិច្ឆ័យខាងលើ និងចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធយ៉ាងផុសផុលមិនខាន៕