(បាត់ដំបង)៖ លោក ហែម ថេង ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី២៩ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកមូលនិធិសម្តេចក្រឡាហោម ស ខេង យកទៅចែកជូនដល់ប្រជាពលរដ្ឋ នៅឃុំភ្នំសំពៅ ដែលមានស្រ្តីសម្រាលកូន និងក្រុមគ្រួសារអ្នកទទួលមរណភាព ប្រមាណ២០នាក់ និងអ្នកស្លាប់៧នាក់នៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ដោយម្នាក់ៗទទួលបាន២០ម៉ឺនរៀល។
នៅក្នុងឱកាសនោះ លោក ហែម ថេង បានប្រាប់សមាជិក សកម្មជនបក្សទាំងអស់ឲ្យធ្វើអំពើល្អ និងបម្រើដល់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការអ្វីឡើយ និងដើម្បីទទួលបានការគាំទ្រមកវិញ ដោយពេញចិត្តចេញពីបេះដូង ពីពួកគាត់ទើបយើងទទួលបានជ័យជម្នះ។
លោក ហែម ថេង បានបន្តថា ក្រុមការងារ សកម្មជននៅមូលដ្ឋានយើងទាំងអស់គ្នា ដែលបានធ្វើកន្លងមក និងត្រៀមធ្វើបន្តបន្ថែមទៀត ឲ្យបានគ្រប់ជ្រុងជ្រោយអ្វីដែលនៅសេសសល់ ដូចជាឯកសារពាក់ព័ន្ធមាន អត្តសញ្ញាណប័ណ្ណ ប័ណ្ណសមាជិកបក្ស លិខិតបញ្ជាក់លំនៅដ្ឋាន នៅក្នុងមូលដ្ឋាននិងលិខិតពាក់ព័ន្ធផ្សេងទៀត ឲ្យបានឆាប់រហ័សទាន់ពេលវេលាផង។
លោកបានបន្ថែមថា សកម្មជនបក្សទាំងអស់ត្រូវក្តាប់ឲ្យបានរាល់ព័ត៌មាន សភាពការណ៍ថ្មីៗ ប្លែក ដែលបានកើតឡើងនៅក្នុងមូលដ្ឋាន ត្រូវរាយការណ៍ជាបន្ទាន់មកថ្នាក់លើ ដើម្បីឆ្លើយតបនិងធ្វើការដោះស្រាយ ឲ្យបានទាន់ពេលវេលា។ កន្លងមកក៏ដូចជា បច្ចុប្បន្នក្រុមការងារថ្នាក់កណ្តាលរហូតដល់មូលដ្ឋាន បានលះបង់ទាំងពេលវេលា ថវិកា សម្ភារៈ ដោះស្រាយជូនប្រជាពលរដ្ឋ សមាជិក សកម្មជនបក្ស និងចិញ្ចឹមចលនាបក្សជាប្រចាំ ជាក់ស្តែងកន្លងថ្មីៗនេះ ប្រជាពលរដ្ឋទូទៅបានជួបប្រទះគ្រោះធម្មជាតិក្រុមការងារបានសហការគ្នា ជួយប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ។
ក្នុងឱកាសនាំថវិកាជូនស្រ្តីឆ្លងទន្លេ និងក្រុមគ្រួសារអ្នកមរណភាពនេះ លោក ហែម ថេង បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្ត និងលោក សុខ ផល ប្រធានក្រុមការងារចុះជួយស្រុកបាណន់ ទៅជម្រាបជូនប្រជាពលរដ្ឋថា លោកតែងតែយកចិត្តទុក្ខដាក់គិតគូរ ពីសុខទុក្ខ និងស្ថានភាពជីវភាពរស់នៅរបស់បងប្អូន ជានិច្ចរហូតមក។ «នេះជាវប្បធម៌ចែករំលែក ដ៏ល្អ មួយរបស់គណបក្ស គឺនៅទីណាមានទុក្ខ គឺតែងមានមុខក្រុមការងារគណបក្សប្រចាំការ ចុះជួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានយើងជានិច្ច»។
ស្ត្រីសម្រាលកូន និងក្រុមគ្រួសារជនមរណភាពទាំងពីរឃុំ ដែលទទួលបានថវិកា ពីមូលនិធិសម្តេចក្រឡាហោម ស ខេង តាមរយៈលោក និងបានគោរពថ្លែងអំណរ គុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលចុះពង្រឹងមូលដ្ឋាន បានលះបង់ពេលវេលាដ៏មានតម្លៃ ព្រមទាំង ថវិកា និង សម្ភារៈចែកជូន ពួកគាត់ដោយមិន ប្រកាន់និន្នាការបក្សនយោបាយណាឡើយ។
នៅក្នុងកិច្ចប្រជុំបូកសុរបលទ្ធផលការងារនោះ ដែលមានសមាជិក សមាជិកា យុវជន សកម្មជនបក្ស ឃុំ សាខាបក្សភូមិទាំង១០នៅទីស្នាក់ការបក្ស ព្រមទាំងបានចំណាយឧត្ថមជាថវិកា ដល់ទីស្នាក់ការក្ស បុគ្គលិកប្រចាំការ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក្នុងខែឧសភា និងសម្រាប់ចិញ្ចឹមចលនាបក្សឃុំទាំងអស់ បានចំណាយសរុបប្រចាំខែឧសភា អស់ថវិកាចំនួន៣.១១០ដុល្លារ៕