(ព្រះសីហនុ)៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបូកគោ ខេត្តកំពត បានធ្វើការស្ទាក់បានម៉ូតូ០១គ្រឿង និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្នុងករណីកាច់បំបែកសោកម៉ូតូ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងករណីនេះសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ាន លីហួរ អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកប្រាំ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ខណៈពេលដែលជនសង្ស័យ កំពុងបើកបរម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ បានលួចរបស់ជនរងគ្រោះឈ្មោះ ថា ង៉ែត ភេទស្រី អាយុ៤២ឆ្នាំ មុខរបរកសិករ ស្នាក់នៅចំណុចក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅចំណុចគោលដៅត្រួតពិនិត្យរបស់នគរបាលក្រុងបូកគោ។
បន្ទាប់ពីបានសាកសួរជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានលួចកាច់បំបែកសោកម៉ូតូនៅចំណុចកើតហេតុខាងលើប្រាកដមែន ដោយធ្វើសកម្មភាពរួមជាមួយ និងបក្ខពួក០២នាក់ទៀត។
បន្ទាប់ពីបានសាកសួរ និងមានការសហការជាមួយជនសង្ស័យខាងលើផងនោះ កម្លាំងជំនាញអធិការនគរបាលស្រុកព្រៃនប់ បានធ្វើការស្រាវជ្រាវបន្ត ហើយក៏ឈៀនដល់ការឃាត់ខ្លួនបានបក្ខពួកចំនួន០២នាក់បន្ថែមទៀត ដែលមានឈ្មោះដូចខាងក្រោម៖
*១៖ ឈ្មោះ ហៀង ចាន់ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ជនដៃដល់)។
*២៖ ឈ្មោះ ឈឹម រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ជនដៃដល់) តាមការសួរចម្លើយពួកគេទាំងពីរនាក់បានសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាពលួចកាច់បំបែកសោរកម៉ូតូនៅទីតាំងកើតហេតុខាងលើពិតប្រាកដមែន។
វត្ថុតាងដែលសមត្ថកិច្ចចាប់ដកហូតយកបានរួមមាន៖ ម៉ូតូ១គ្រឿង (របស់ជនរងគ្រោះ) និងទូរសព្ទ័១គ្រឿង (របស់ជនសង្ស័យ)។ បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់រូបខាងលើ រួមជាមួយវត្ថុតាង កម្លាំងជំនាញអធិការដ្ឋាននគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីបន្តនិតិវិធីទៅតាមច្បាប់៕