(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពិភាក្សាសំណើរបស់បងប្អូនអាជីវករផ្សារអូរឫស្សី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កិច្ចប្រជុំពិភាក្សាស្តីពីសំណើរបស់បងប្អូនអាជីវករផ្សារអូរឫស្សី ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាមួយតំណាងអាជីវករផ្សារអូរឫស្សីចំនួន ០៥រូប។
ក្នុងកិច្ចប្រជុំយតំណាងអាជីវករលើកឡើងនូវសំណូមពរផ្ទាល់មាត់បន្ថែមលើសំណើដែលបានដាក់ស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកមកពិភាក្សាគ្នា។ ចំពោះសំណើសុំទាំងមុនទាំងក្រោយមានចំនួន៤ ចំណុចដូចខាងក្រោម៖
*កំណត់អាណត្តិ ២០ឆ្នាំបន្តទៀត
*ផ្តល់ប័ណ្ណតូបកម្មសិទ្ធិផ្ទាល់ខ្លួនដូចមុន
*ស្នើសុំបង់ត្រឹម ៥០% នៃតម្លៃអាណត្តិចាស់
*សូមឱ្យមានការជួសជុលផ្សារនាឆ្នាំ២០២៣ខាងមុខ (ជួសជុលតាមប្លុក) បន្ទាប់ពីបង់អាណត្តិថ្មីរួច។
តំណាងអាជីវករផ្សារអូរឫស្សីបានលើកបន្ថែមឡើងថា ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ជាសកល បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ការប្រកបរបរអាជីវកម្មផ្សេងៗ បណ្តាលឱ្យការលក់ដូរក្នុងផ្សារអូរឫស្សី មានការធ្លាក់ចុះ ទើបបងប្អូនអាជីវករមានសំណូមពរដូចខាងលើពិសេសការស្នើសុំបង់ត្រឹម៥០% នៃតម្លៃអាណត្តិចាស់។
រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបជូនតំណាងអាជីវករទាំងអស់ ចំពោះតម្លៃនៃការបង់រយៈពេល២០ឆ្នាំ គឺជាតម្លៃកាលពី២០ឆ្នាំមុន ដែលបងប្អូនធ្លាប់បានបង់រួចហើយ។ ចំពោះតម្លៃប្រសិនបើយើងចែកជាប្រចាំឆ្នាំ ខែ និងថ្ងៃឃើញថា ចំពោះប្រភេទតូប/ស្តង់តម្លៃខ្ពស់បំផុតមានតម្លៃ ៣,៣០០ដុល្លារ ក្នុងរយៈពេល២០ឆ្នាំ, បើចែកជាប្រចាំឆ្នាំ ទឹកប្រាក់ដែលត្រូវបង់ គឺចំនួន ១៦៥ដុល្លារ/ឆ្នាំ, បើចែកជាខែ ត្រូវបង់ ១៣,៧៥ ដុល្លារ/ខែ, បើចែកជាថ្ងៃ ត្រូវបង់ ០,៤៥ដុល្លារ/ថ្ងៃ ឬស្មើ ១,៨០០រៀល/ថ្ងៃ និងតម្លៃទាបបំផុតគឺចំនួន ១,៩៨០ដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ, បើចែកជាប្រចាំឆ្នាំ ទឹកប្រាក់ដែលត្រូវបង់គឺចំនួន ៩៩ដុល្លារ/ឆ្នាំ, បើចែកជាខែ ត្រូវបង់ ៨,២៥ ដុល្លា/ខែ, បើចែកជាថ្ងៃ ត្រូវបង់ ០,២៧ដុល្លារ/ថ្ងៃ ឬស្មើ ១,០៨០រៀល/ថ្ងៃ ដែលនេះបង្ហាញថាជាតម្លៃទាបបំផុត។
បងប្អូនអាជីវករអាចបន្តការលក់ដូររហូតតកូនតចៅក្នុងអំឡុងពេលអាណត្តិនៃកិច្ចសន្យា ហើយបងប្អូនអាជីវករអាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃបាន។
បន្ទាប់ពីពិភាក្សាគ្នាយ៉ាងល្អិតល្អន់នូវសារៈប្រយោជន៍នៃការបង់តម្លៃតូបនេះ គឺដើម្បីធានានូវអាជីវកម្មរបស់បងប្អូនឱ្យនៅជាប្រក្រតី រយៈពេល២០ឆ្នាំបន្តទៀត, រដ្ឋបាលរាជធានីភ្នំពេញ ស្នើតំណាងបងប្អូនអាជីវករយកលទ្ធផល នៃកិច្ចប្រជុំ ទៅជម្រាបជូនបងប្អូនអាជីវករអូរឫស្សីទាំងអស់ ដូចខាងក្រោម៖
*ទី១៖ ចំពោះអាណត្តិថ្មី នៃកិច្ចសន្យា គិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០៤២។
*ទី២៖ ចំពោះការបង់ប្រាក់សម្រាប់អាណត្តិថ្មី នៃកិច្ចសន្យា បងប្អូនអាជីវករអាចធ្វើការបង់ទៅតាមលទ្ធភាពជាក់ស្តែង ដូចខាងក្រោម៖
*ជម្រើសទី១៖ បង់ប្រាក់ ០១លើក សម្រាប់អាណត្តិរយៈពេល ២០ឆ្នាំ
*ជម្រើសទី២ ៖ បង់ប្រាក់ ០២លើក សម្រាប់អាណត្តិរយៈពេល ២០ឆ្នាំ ដោយបង់១០ឆ្នាំម្តង
*ជម្រើសទី៣៖ បង់ប្រាក់ ០៤លើក សម្រាប់អាណត្តិរយៈពេល ២០ឆ្នាំ ដោយបង់០៥ឆ្នាំម្តង៕