(ភ្នំពេញ)៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៩ ខែក្កដា ដល់ថ្ងៃទី៥ ខែសីហាបានដំណើរការទៅយ៉ាងរលូន និងបិទបញ្ចប់ទទួលបានជោគជ័យយ៉ាងធំធេង ដោយមានសមាជិកអាស៊ាន ប្រទេសដៃគូចំនួន ៣៧ ប្រទេសចូលរួម និងអគ្គលេខាធិការដ្ឋានអាស៊ាន។
ក្រសែភ្នែកពិភពលោកពិតជាបានផ្តោតមករកដំណើរការ នៃកិច្ចប្រជុំនេះនិងបានធ្វើការព្យាករណ៍ផ្សេងៗគ្នា អំពីលទ្ធផលនៃការប្រជុំ ពីព្រោះថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសពិភពលោកមួយ ដែលមានការវិវត្តស្មុគស្មាញយ៉ាងក្រៃលែង ដែលបណ្តាលមកពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ នៃប្រទេសមហាអំណាច សង្គ្រាមបង្ហូរឈាមរវាងរុស្សីនិងអ៊ុយក្រែន ផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច សង្កម និងភាពតានតឹងក្នុងតំបន់។ នេះគឺជាពេលវេលានៃការសាកល្បងសមត្ថភាពរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាទាំងនេះហើយ។
ប្រិយមិត្តជាទីមេត្រី! បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ ត្រូវបានបញ្ចប់ហើយនោះ តើកិច្ចប្រជុំនេះទទួលបានលទ្ធផលផ្លែផ្កាអ្វីខ្លះ? បើតាមការបញ្ជាក់ពី ឯកឧត្តមបណ្ឌិត គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធានការិយាល័យប្រេសិតពិសេសរបស់ប្រធានអាស៊ាន និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ៖ កិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ត្រូវបានមន្ត្រីការទូតទាំងអស់ឯកភាពគ្នាចំនួន៤ចំណុចសំខាន់៖
លោក គង់ ភោគ បានលើកឡើងថា៖ «ទី១ ការស្នើសុំចូលជាសមាជិកអាស៊ាន របស់ទីម័រ ទី២ ក្រសួងការបរទេសក៏បានសរសើរពី វឌ្ឍនភាពដ៏ល្អរបស់ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ ទី៣ កិច្ចប្រជុំបានស្វាគមន៍ប្រទេសជាដៃគូជាច្រើន ក្នុងការចូលជាសមាជិកសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដោយក្នុងនោះមានប្រទេសចំនួន៦បានចុះហត្ថលេខា ដូចជា ប្រទេសដាណឺម៉ាក់ សាធារណរដ្ឋហេលេនិក (ក្រិក) ប្រទេសហូឡង់ ស៊ុលតង់ អូម៉ង់ រដ្ឋកាតា និងអារ៉ាប់រួម។ ទី៤ អាស៊ានបានសម្រេចឯកសារទស្សនទាន ស្ដីពីសំណើកិច្ចប្រជុំកំពូលអាស៊ាន កាណាដា ដើម្បី រំឭកខួបអនុស្សាវរីយ៍ខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន -កាណាដា»។ ជាមួយគ្នានោះរដ្ឋមន្ត្រីការបទេសអាស៊ាន និងចិន ក៏ឯកភាពគ្នា ជំរុញភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីកំណើនសេដ្ឋកិច្ច ការរីកចម្រើនសម្រប់ប្រទេស និងប្រជាជននៃប្រទេសនីមួយៗផងដែរ។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា វាមិនមែនជារឿងងាយស្រួលទេក្នុងការរៀបចំ និងសម្របសម្រួលកិច្ចប្រជុំជាង២០សំខាន់ៗ ជាពិសេសកិច្ចប្រជុំដែលមាន ប្រធានបទក្ដៅ និងចម្រូងចម្រាស់ ប៉ុន្តែកម្ពុជាអាចធ្វើបាននេះគឺជាជោគជ័យដ៏ធំធេង។ រយៈពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន មានរឿងរសើបចំនួន៣ទាំងក្នុងតំបន់ និងសកលលោក ដែលកម្ពុជាត្រូវទទួលបន្ទុក ក្នុងការសម្របសម្រួលដោះស្រាយ ជាមួយសមាជិកអាស៊ាន គឺទី១ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ទី២បញ្ហាសមុទ្រចិនខាងត្បូង និងទី៣បញ្ហានៅប្រទេសអ៊ុនក្រែន និងរុស្ស៊ី។
ឯកឧត្តមបន្តថា៖ សម្រាប់ឆ្នាំនេះ បញ្ហាសមុទ្រចិនខាងត្បូងមិនសូវតានតឹងដូចពេលមុនៗនោះទេ ដោយភាគីពាក់ព័ន្ធបានឯកភាពថា ការលើកកម្ពស់ថែរក្សាសន្តិភាពគឺជារឿងសំខាន់។ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ អាស៊ាននឹងពិនិត្យសេចក្ដីថ្លែងការណ៍របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃប្រទេសមីយ៉ាន់ម៉ា ដែលបានដាក់ចេញនូវការអនុវត្តន៍ ជាវឌ្ឍនភាពដែលមើលឃើញជាក់ស្ដែង សម្រាប់អនុញ្ញាតឱ្យអាស៊ាន ធ្វើការវាយតម្លៃជាវិជ្ជមាន សម្រាប់ការត្រឡប់របស់តំណាងមីយ៉ាន់ម៉ាស្មើភាពគ្នា ដើម្បីចូលរួមកិច្ចប្រជុំកំពូល។
ជាមួយគ្នានេះដែរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញទទួល សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ថា៖ កម្ពុជាទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយរូបវន្ត ខណៈដែលកិច្ចប្រជុំ នារយៈពេលកន្លងមកបានអាក់ខាន ធ្វើដោយផ្ទាល់ដោយសារកត្តាកូវីដ-១៩។ សម្ដេចបន្តថា៖ នេះមិនមែនជារឿងចៃដន្យនោះទេ ដែលឥស្សរជន នៃបណ្ដាប្រទេសធំៗនៅលើសកលលោកមានវត្តមានក្នុងកិច្ចប្រជុំនេះ។
សំឡេង៖ «កត្តាធំបំផុតគឺសុវត្ថិភាព ដែលសុវត្តិភាពនេះចែកចេញជា២ផ្នែក សុវត្ថិភាពទី១ គឺ សន្តិភាពដែលយើងមាន ដែលយើងរកបានដោយលំបាក ហើយយើងបានការពារវាដោយគត់មត់ ប្រទេសមួយចំនួនមិនបានទាឡានបាឡាំងដាស់ ពីយើងដើម្បីជិះនោះទេ អ្នកដែលមកកាន់ប្រទេសកម្ពុជា គេតែងគិតអំពីសុវត្ថិភាពផ្ទាល់របស់ពួកគេដែរ។ ដូច្នេះកត្តាសន្តិភាព និងស្ថិរភាពនយោបាយនេះផ្ដល់ឱកាសដល់ការវាយតម្លៃរបស់ដៃគូខាងក្រៅរបស់យើង ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការប្រជុំ។ កត្តាទី២ គឺ ទាក់ទងការដែលយើងត្រួតត្រាបាននូវជំងឺកូវីដ-១៩»។
ព្រឹត្តិការណ៍នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ គឺជាព្រឹត្តិការណ៍ធំទី ២ប្រចាំឆ្នាំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ហៅកាត់ថា AMM ត្រូវបានបង្កើតឡើងតាមរយៈសេចក្តីប្រកាសនៅរាជធានីបាងកក ក្នុងឆ្នាំ១៩៦៧ ហើយមានភារៈទទួលខុសត្រូវ ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខរបស់អាស៊ាន ក៏ដូចជាទំនាក់ទំនងរបស់អាស៊ាន ជាមួយភាគីខាងក្រៅអាស៊ានផងដែរ ៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន