(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់មហាសេរីវឌ្ឍន៍ បំពាក់ជូនសប្បុរសជន ជាជនជាតិជប៉ុន ចំនួន៣រូប ដែលបានផ្តល់ដីមួយកន្លែងសម្រាប់ធ្វើសួនច្បារសាធារណៈ ដែលមានទីតាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ពិធីបំពាក់គ្រឿងឥស្សរិយយសនេះ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា មេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន០៣គ្រឿង ត្រូវបានបំពាក់ជូនក្រុមគ្រួសារសពលោក KOJ Kanzaki គឺលោកស្រី MICHIKO, Kanzaki និងកូនបង្កើត ចំនួន០២រូបទៀត គឺលោក SATOSHI Kanzaki និងលោកស្រី YOKO Kanzaki។
ការប្រគល់គ្រឿងឥស្សរិយយសនេះ គឺដើម្បីចូលរួមជាការលើកទឹកចិត្ត និងតបស្នងដល់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANZAKI) ត្រូវជាភរិយា និងជាតំណាងសន្តិជនរបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ដែលបានផ្តល់ដីសម្រាប់ធ្វើសួនច្បារ ស្ថិតនៅភូមិល្វា និងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកមកប្រាស់ប្រាស់ជាប្រយោជន៍សាធារណៈ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ដីសួនច្បារមួយកន្លែងខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាឡើងឲ្យក្លាយជាកន្លែងកម្សាន្ដសាធារណៈ មានសួនច្បារ មានដើមឈើ កន្លែងហាត់ប្រាណ មានជាផ្លូវសម្រាប់ធាក់កង់ ជាមួយកសាងជាហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត ដូចជារៀបចំជាបន្ទប់ទឹកសាធារណៈ ការកាយប្រឡាយបង្ហូរទឹកជាដើម។
ចំពោះសួនច្បារមួយកន្លែងនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យជំនាញចុះសិក្សារួចរាល់ហើយ ក្រោយពីស្ថាបនារួចរាល់ រដ្ឋបាលរាជធានីភ្នំពេញនឹងអញ្ជើញក្រុមគ្រួសារសពលោក KOJ Kanzaki គឺលោកស្រី MICHIKO, Kanzaki ព្រមទាំងកូនបង្កើត មកពិនិត្យជាថ្មី។
លោក ឃួង ស្រេង ក៏បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារសព លោក KOJ Kanzaki ដែលបានបរិច្ចាគ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីជួយកសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់បំព្រង៕